(បេរ៉ូ)៖ ដំឡូងបារាំង គឺជាបន្លែមួយប្រភេទដ៏សំខាន់ ដែលគេពេញនិយមបរិភោគនៅខាងប៉ែកអឺរ៉ុប ក៏ដូចជាបណ្ដារប្រទេសអាស៊ីមួយចំនួន។ មិនខុសគ្នាប៉ុន្មាន នៅប្រទេសប៉េរូ ដំឡូងបារាំង ត្រូវបានប្រជាកសិករ នាំគ្នាធ្វើការដាំដុះបន្លែប្រភេទនេះ ហើយជារៀងរាល់ឆ្នាំ គេប្រមូលផល បានរហូតដល់ទៅ ៥.១ លានតោន ក្នុងមួយឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០១៩។

មិនត្រឹមតែប៉ុណ្ណោះ ដើម្បីលើកតម្កើងបន្លែដំឡូងបារាំង ប្រទេសប៉េរូ បានបង្កើតព្រឹត្តិការណ៍មួយ ដែលផ្សព្វផ្សាយពីដំឡូងបារាំង លើកទី ១០ ដែលធ្វើឡើងនៅក្នុងរដ្ឋធានី Lima កាលពីថ្ងៃទី ៣០ ខែឧសភា កន្លងទៅនេះ។ កសិករ និង អ្នកជាវ តែងតែចូលរួមពិនិត្យយ៉ាងយកចិត្តទុកដាក់ ទៅលើគុណភាព ពណ៌ និង សំណាកគំរូដើម ផងដែរ។

សូមជម្រាបថា ជនជាតិប៉េរូប្រមាណ ៣លាននាក់ ប្រកបរបរដាំដំឡូង ដែលប្រមូលផលបាន ៥.១លានតោនក្នុងមួយឆ្នាំ ហើយក្នុងនោះមាន ៩០ភាគរយ លក់នៅក្នុងស្រុក។ ប្រភេទដីនៅប្រទេសប៉េរូ ផ្ដល់អំណយផលយ៉ាងល្អ សម្រាប់ដំណាំកសិកម្ម ជាពិសេសចំពោះដំណាំដំឡូងបារាំង ពណ៌ស្វាយ ពណ៌ផ្កាឈូក ពណ៌លឿង និង ពណ៌ស៕