(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការប្រកួតពានថ្នាក់ខេត្ត និងរកឃើញបេក្ខភាពឡើងបង្គ្រប់វគ្គ ១៦ក្រុមចុងក្រោយ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានរៀបចំកម្មវិធីចាប់គូប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) ថ្នាក់ជាតិ លើកទី១៣ រួចហើយ ខណៈក្រុមការពារតំណែងជើងឯក ក្រសួងការពារជាតិ ត្រូវជួបក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុប យូណាយធីត។

ចំពោះលទ្ធផលចាប់គូប្រកួតពានថ្នាក់ជាតិ ដែលមានការចូលរួមពីតំណាងក្លឹបទាំង១៦ កាលពីម្សិលមិញ រួមមានក្រុមអគ្គិសនីកម្ពុជា ប៉ះក្រុមអង្គរថាយហ្គឺរ, ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះក្រុមវិសាខា, ខេត្តរតនគិរី ប៉ះក្រុមសូលទីឡូអង្គរ, ក្រុមអាស៊ីអឺរ៉ុប ប៉ះក្រសួងការពារជាតិ, ខេត្តសៀមរាប ប៉ះបឹងកេត, ខេត្តកំពង់ចាម ប៉ះភ្នំពេញក្រោន, គិរីវង់សុខសែនជ័យ ប៉ះណាហ្គាវើល និងក្រុមទើបលើកពានថ្នាក់ខេត្ត ក្រុមខេត្តត្បូងឃ្មុំ ជួបក្រុមព្រះខ័នរាជស្វាយរៀង។

លោក ឆាំង ពិសិដ្ឋ លេខាធិការប្រតិបត្តិ CNCC បានឲ្យដឹងថា ចំពោះកម្មវិធីប្រកួតវគ្គ ១៦ក្រុមចុងក្រោយ នៃពានថ្នាក់ជាតិ ក្រោយបញ្ចប់កម្មវិធីចាប់គូប្រកួតរួច ក្រុមនីមួយៗត្រូវជួបគ្នាចំនួន ២ជើង ដើម្បីកាត់សេចក្ដីរកក្រុមឡើងទៅវគ្គ ៨ក្រុមចុងក្រោយ គ្រាដែលការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៩-២០ ខែមិថុនាខាងមុខតទៅ។ ដូច្នេះក្រោយជួបគ្នា ២ជើង គណៈកម្មការរៀបចំការប្រកួត នឹងសរុបលទ្ធផល ដើម្បីកំណត់ក្រុមឈ្នះត្រូវបន្ដដំណើរទៅវគ្គបន្ដ៕