(ភ្នំពេញ)៖ គិតត្រឹមសប្តាហ៍ទី៩ នេះ ខ្សែប្រយុទ្ធប្រេស៊ីលរបស់ក្រុមបាល់ទាត់បឹងកេតអែហ្វស៊ី Eduardo Purcino បានកាប់កំណត់ត្រាដ៏ភ្ញាក់ផ្អើលមួយ ក្នុងនាមជាកីឡាករដែលរកគ្រាប់បាល់បានក្នុង ៦ប្រកួតជាប់គ្នា និងជាកីឡាករ Top Scorers របស់ក្លឹបស្ថិតនៅខេត្តកំពង់ចាមផងដែរ។

ស្ថិតក្នុងតួនាទីជាខ្សែប្រយុទ្ធ Eduardo បានរកបានគ្រាប់បាល់សរុបចំនួន ៧គ្រាប់ហើយ ពោលគឺទល់នឹងកំពង់ចាម (២គ្រាប់) ទល់នឹងក្រសួងការពារជាតិ (១គ្រាប់) ទល់នឹងយុវជនសាលាបាល់ទាត់ជាតិ (១គ្រាប់) ទល់នឹងវិសាខា (១គ្រាប់) ទល់នឹងស្វាយរៀង (១គ្រាប់) និងទល់នឹងអាស៊ីអឺរ៉ុប (១គ្រាប់)។

កីឡាករប្រេស៊ីលរូបនេះក៏បានបញ្ជាក់ច្បាស់ដែរថា «ការដែលខ្លួនមានវត្តមាននៅទីនេះ គឺដើម្បីឈ្នះពានរង្វាន់ ដូចនេះគ្រប់ការប្រកួតយើងតែងប្រាថ្នាចង់បាន ៣ពិន្ទុ ហើយមិនថាក្រុមខ្លាំងកម្រិតណាដែលយើងប្រឈមមុខនោះទេ យើងតែងចង់ឈ្នះជានិច្ច»។

កន្លងមក Eduardo ធ្លាប់បានលើកឡើងថា «ខ្ញុំសប្បាយចិត្តដែលរកគ្រាប់បាល់ឱ្យក្លឹប ព្រោះនេះជារឿងដែលខ្ញុំត្រូវតែធ្វើ ហើយខ្ញុំក៏អរគុណផងដែរដល់មិត្តរួមក្រុម ដែលតែងជ្រោមជ្រែងខ្ញុំ ពិសេស Gbenga ដែលតែងបញ្ជូនបាល់ល្អៗមកឱ្យខ្ញុំ»។

សូមបញ្ជាក់ផងថា នៅលើបញ្ជី Top Scorers ក្នុងលីគកំពូលកម្ពុជា Eduardo កំពុងស្ថិតក្នុងចំណោមកីឡាករ ១០រូប ដែលមាន ៧គ្រាប់ តាមពីក្រោយបេក្ខភាពកំពូលតារាង Timothy របស់ក្លឹបអង្គរថាយហ្គឺរ ដែលមាន ១៣គ្រាប់៕