(ភ្នំពេញ)៖ បើនិយាយពីឈ្មោះ រំដួលលេចទឹក ទស្សនិកជនប្រាកដជាស្គាល់ច្បាស់ណាស់ ព្រោះតារាដួងនេះតែងតែធ្វើឲ្យមហាជនចាប់អារម្មណ៍ជានិច្ច តាមរយៈការបញ្ចេញស្នាដៃដ៏ទាក់ទាញក្នុងការច្នៃសម្លៀកបំពាក់ ចេញពីវត្ថុធាតុដើមនានា ដូចជាសំរាម ថង់ប្លាស្ទិច រុក្ខជាតិ ផ្លែងឈើស្រស់ៗជាដើម។ ជាក់ស្តែង ថ្មីៗនេះនាងបានរំលេចនូវស្នាដៃដ៏លេចធ្លោរមួយ គឺយកដើមស្រូវមកច្នៃជារ៉ូបយ៉ាងស្រស់ស្អាត ដែលទទួលបានការគាំទ្រច្រើនពីមហាជន។ ទោះមានការគាំទ្រច្រើនក្តី តែ រំដួលលេចទឹក បានលើកឡើង ការងារសិល្បៈរបស់ខ្លួន ភាគច្រើនធ្វើដោយក្តីស្រលាញ់ និងដើម្បីផ្សព្វផ្សាយវប្បធម៌ ឬ ធម្មជាតិរបស់ខ្មែរប៉ុណ្ណោះ ពោលគឺមិនបានផលប្រយោជន៍អ្វីពីសិល្បៈនោះទេ បើនិយាយឲ្យចំទៅបានត្រឹមតែ ២០ភាគរយប៉ុណ្ណោះ។

ថ្លែងប្រាប់តាមរយៈបទសម្ភាសន៍ជាមួយក្រុមការងារ Fresh News និង Khmer​​ Talking តាមរយៈទូរស័ព្ទ តារាភេទទី៣ ទឹកមុខសិចស៊ី រាងស្រឡូនមានមន្តស្នេហ៍ រំដួលលេចទឹក បានពន្លយថា នាងធ្លាប់ជាសិល្បករមួយរូប ដែលទទួលបានអាហារូបករណ៍សិក្សា ផ្នែកទស្សនៈវប្បធម៌ជាតិ ដូច្នេះអ្វីដែលនាងបានធ្វើសព្វថ្ងៃនេះ តាមរយៈការច្នៃធម្មជាតិ វត្ថុធាតុដើមនានា ចេញជាសម្លៀកបំពាក់នោះ គឺក្នុងគោលបំណង ចង់លើកតម្កើងធនធានធម្មជាតិរបស់ខ្មែរ និងបង្ហាញដល់ពិភពលោកឲ្យដឹង ថាប្រទេសកម្ពុជាមានធនធានធម្មជាតិច្រើនប្រភេទទាំងក្នុងទឹកលើដី ដែលប្រជាជនអាចយកមកច្នៃជារបស់ប្រើប្រាស់បាន។ សម្រាប់នាង ការចូលសិល្បៈគឺ មានតួនាទី ជាអ្នកសិល្បៈ ក្នុងការអភិវឌ្ឈន៍សង្គម គឺអភិវឌ្ឈន៍តាមរយៈការផ្សព្វផ្សាយវប្បធម៌ជាតិទៅកាន់ពិភពលោក ឲ្យប្រទេសនានាបានស្គាល់កម្ពុជា។

និយាយដល់ចំណុចនេះ រំដួលលេចទឹក បានឲ្យដឹងថា ទោះបីជាមានការគាំទ្រច្រើននូវស្នាដៃរបស់ខ្លួន ពីសំណាក់មហាជនក៏ពិតមែន ប៉ុន្តែរាល់កិច្ចការសិល្បៈដែលខ្លួនបានធ្វើ ក៏ដូចជាការប្រឡូកចូលសិល្បៈនោះ គឺធ្វើដោយការស្រឡាញ់ចេញពីបេះដូង បើនិយាយឲ្យចំទៅ មិនបានទាញយកផលប្រយោជន៍អ្វីពីសិល្បៈជាដុំកំភួននោះទេ ពោលគឺបានតែ២០ភាគរយៈប៉ុណ្ណោះ។ ដូច្នេះហើយ រំដួលលេចទឹក បានចាប់យករបរផ្សេងមួយទៀត គឺការបើកហាងសាឡន ជាការងារដែលនាងស្រឡាញ់មួយទៀត ព្រោះគិតថាការងារនាងអាចយកប្រាក់ដើម្បីចិញ្ចឹមជីវិតបាន។

តាមរយៈនេះ រំដួលលេចទឹក បានធ្វើការសំណូមពរ ដល់ប្រជាជនខ្មែរគ្រប់រូប ឲ្យមានទឹកចិត្តស្រឡាញ់ និងជួយផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ​ឲ្យកាន់តែច្រើន ដើម្បីឲ្យពិភពលោកបានស្គាល់ និងគាំទ្រផលិតផលរបស់ខ្មែរឲ្យបានច្រើនផងដែរ ។

គួរជម្រាប់ថា រំដួលលេចទឹក ធ្លាប់បានធ្វើឲ្យទស្សនិកជនកោតសរសើរមិនដាច់ពីមាត់ ជាមួយនឹងស្នាដៃផ្លូវការរបស់នាង ក្នុងការច្នៃឈុតតំណាងជាតិ ឲ្យបេក្ខនារីតំណាងកម្ពុជា យកទៅប្រកួតក្នង «Miss Planet International 2019» ដែលមានឈ្មោះថា «ទេពធិតាមហាសង្រ្កាន្ត» ខណៈឈុតនេះទៀតសោតគឺ បានជាប់ជា ឈុតតំណាងជាតិល្អដាច់គេ ក្នុងកម្មវិធី ហើយវាជាកិត្តិយសមួយសម្រាប់កម្ពុជា ជាពិសេស រំដួលលេចទឹក ដែលជាអ្នកច្នៃផ្ទាល់តែម្តង៕