(ប៊ែឡាំង)៖ លោក Joachim Low ដែលជាគ្រូបង្វឹកនៃក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ នឹងអវត្តមានពេលកូនក្រុមប្រកួតទល់នឹង បែលឡារូស និងអ៊ីស្តូនី ក្នុងវគ្គជម្រុះក្នុងព្រឹត្តិការណ៍ពានរង្វាន់អឺរ៉ុប UEFA Euro 2020 នាថ្ងៃទី៩ និងទី១២ ខែមិថុនា ឆ្នាំ២០១៩ ដោយសារមានជំងឺ។

យោងតាមសារព័ត៌មាន BBC ដែលបានដកស្រង់របាយការណ៍របស់សហព័ន្ធបាល់ទាត់អាល្លឺម៉ង់បានត្រឹមបញ្ជាក់ថា គ្រូបង្វឹកវ័យ ៥៩ឆ្នាំរូបនេះមានជំងឺដែលត្រូវការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យផងដែរ ស្របពេលដែលសេចក្តីរាយការណ៍របស់សារព័ត៌មាន Bild បានបញ្ជាក់ថា «លោក Joachim Low បានធ្លាក់ដុំដែកហាត់ប្រាណលើដើមទ្រូង នៅពេលលោកកំពុងហាត់ប្រាណក្នុង Gym»

យ៉ាងណាក៏ដោយតួនាទីបង្វឹក និងដឹកនាំកូនក្រុមទាំងស្រុង ត្រូវបានធ្លាក់ទៅលើលោក Marcus Sorg ដែលជាជំនួយការរបស់លោកសម្រាប់ ២ប្រកួតខាងលើ និងបន្តទាក់ទងគ្នាតាមរយៈទូរសព្ទមុនការប្រកួតដ៏សំខាន់នេះ ដដែល។

បុរសជនជាតិអាល្លឺម៉ង់ ដែលបានដឹកនាំក្រុមជម្រើសជាតិធ្លាក់ត្រឹមវគ្គចែកពូលនៅ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីនោះ បានដឹកនាំឈ្នះ ១ប្រកួតដំបូងទល់នឹងហូឡង់ ៣-២ កាលពី១ប្រកួតបើកឆាក Euro 2020 ប្រចាំពូល C កាលពីខែមីនា ឆ្នាំ២០១៩។

លោក Joachim Low បានដឹកនាំអាល្លឺម៉ង់ឈ្នះជើងឯក FIFA World Cup 2014 នៅប្រទេសប្រេស៊ីល ដែលជាការ ឈ្នះពានធំលំដាប់ពិភពលោកនេះលើកទី៤ ស្មើនឹងអ៊ីតាលីផងដែរ ក្រៅពីបានជាប់ត្រឹមលេខ៣ កាល World Cup 2010 នៅអាហ្រ្វិកខាងត្បូង៕