(ឡាវេហ្គាស)៖ កីឡាករប្រដាល់សកល Manny Pacquiao នឹងទទួលបានតម្លៃខ្លួនជាប្រាក់ប្រមាណ ២០លានដុល្លារ សហរដ្ឋអាមេរិក ជាថ្នូរនឹងការឡើងវ៉ៃដណ្តើមខ្សែក្រវាត់កម្រិតពិភពលោក WBA “Super” World Welterweight ពីកីឡាករអាមេរិក Keith Thurman Jr នាថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៩។

ប្រភពព័ត៌មានពីគេហទំព័រ Boxingnews24 បានចេញផ្សាយថា កីឡាករដែលមានរហស្សនាម «Pac Man» នឹងទទួល បានតម្លៃខ្លួន ២០លានដុល្លារពីជំនួបលើកទី១ ទល់នឹង Thurman ដូចគ្នាកាល Pacquiao យកឈ្នះ Adrien Broner កាលពីខែមករាដើមឆ្នាំនេះដែរ ខណៈតម្លៃខ្លួនកីឡាករវ័យ ៣០ឆ្នាំ Thurman រហស្សនាម «One Time» មិនត្រូវបានបង្ហើបឲ្យដឹងឡើយ។

នេះជាការជួបគ្នាលើកទី១ សម្រាប់ជើងខ្លាំងទាំងពីរ និងបានក្លាយជាការប្រកួតលើកទី៧១ សម្រាប់កីឡាករវ័យ ៤០ឆ្នាំ Manny Pacquiao ដែលបានជួបប្រកួតទល់នឹងកីឡាករអាមេរិកលើកទី១២ ក្នុងអាជីពប្រដាល់រយៈពេល ២០ឆ្នាំគិតចាប់តាំងពីឆ្នាំ១៩៩៩ មកនេះ ដែលនឹងធ្វើឡើងនៅសង្វៀន MGM Grand Garden Arena ស្ថិតក្នុងទីក្រុង Las Vegas រដ្ឋ Naveda សហរដ្ឋអាមេរិក ជាទីដែល Pac Man ធ្លាប់ប្រកួតបានចំនួន ១៥ដងមកហើយ ខណៈគូប្រជែង Thurman ទើបតែបាន ៥ដងប៉ុណ្ណោះ។ Pacquiao ជាកីឡាករហ្វីលីពីនទី១ ដែល Thurman ជួប ក្រោយឆ្លងកាត់ ប្រកួតបាន ២៩ដង មិនដែលចាញ់ មិនដែលស្មើ និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន ២២ដងក្នុងរយៈពេល ១២ឆ្នាំមកនេះ។

ការប្រកួតដែលមានដាក់ខ្សែក្រវាត់ WBA “Regular” Welterweight របស់ Manny Pacquiao ដែលគេទើបដណ្តើម បានពីកីឡាករអាហ្សង់ទីន Lucas Mattysse កាលពីខែកក្កដា ឆ្នាំ២០១៨ នោះ មានតម្លៃសំបុត្រចូលទស្សនាផ្ទាល់ ចាប់ពី ១០០ដុល្លារទៅ ១៥០០ដុល្លារ៕