(បរទេស)៖ កាលពីខែឧសភាកន្លងទៅ តារាសម្ដែងស្រីចិននាង Cecilia Liu និងស្វាមី Nicky Wu ទទួលបានចំណងដៃកូនប្រុសដ៏គួរឲ្យស្រឡាញ់ម្នាក់ ខណៈបច្ចុប្បន្នតារាស្រីរូបនេះ កំពុងតែរស់នៅក្នុងវីឡាដ៏ស្គឹមស្កៃ ជាមួយស្វាមីរបស់នាងគឺលោក Nicky ដែលបានទិញកាលពី២ ឆ្នាំមុន ក្នុងតម្លៃប្រហែល ៦,៤២ លាន ដុល្លារអាមេរិក ស្ថិតក្នុងតៃប៊ិ ដែលជាស្រុកកំណើតខាងម្ដាយក្មេករបស់នាង។ នេះបើតាមការចេញផ្សាយ jaynestars នៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១៩។

ពាក្យចចាមអារាម បាននិយាយថា តារាស្រី Cecilia Liu មានជំងឺបាក់ទឹកចិត្ត ក្រោយឆ្លងទន្លេរួច ហើយក៏មានរឿងខ្វែងគំនិត និងមិនសូវត្រូវរូវគ្នា ជាមួយម្ដាយក្មេងរបស់នាងផងដែរ។ ទំនាក់ទំនងរវាងម្ដាយក្មេក និងកូនប្រសារ ទាំងពីរនាក់នេះ មានភាពរកាំរកូសជាយូរឆ្នាំមកហើយ។ មុនពេលកំណើតចៅប្រុស ម្ដាយរបស់Nicky បានរករឿងកូនប្រសារ នាង Cecilia Liu អំពីការមានផ្ទៃពោះ។ ដោយមានភាពតានតឹងចិត្ត និងស្ថិតក្រោមសម្ពាធដ៏ខ្លាំង ត្រូវបង្ខំឲ្យនាង Cecilia Liu បានវិលត្រឡប់ទៅរស់នៅទីក្រុងប៉េកាំងវិញ។ Nicky ក៏ធ្លាប់រងការរិះគន់ខ្លាំងផងដែរ ពីសំណាក់ក្រុមអ្នកលេងបណ្ដាញាសង្គមអ៊ីនធឺណេតចិន ដោយសារតែលោកមើលថែភរិយាមិនសូវបានល្អ។

ជាមួយគ្នានេះផងដែរ Nicky ក៏រងការរិះគន់ ចំពោះការចំណាយទៅលើការសម្រាលកូនរបស់ភរិយា ដោយសារតែលោកឲ្យភរិយាស្នាក់នៅមន្ទីរពេទ្យ ក្នុងតម្លៃប្រហែល ៣៨០ដុល្លារក្នុងមួយយប់។ ប៉ុន្តែតារាសម្ដែង Mark Chao បានចំណាយប្រាក់ប្រហែល ៣០០០ដុល្លារក្នុងមួយយប់ ដើម្បីឲ្យភរិយាស្នាក់នៅមន្ទីរពេទ្យអំឡុងពេលសម្រាកបុត្រ។ ទស្សនិកជនក៏បានធ្វើការប្រៀបធៀបគ្នា ហើយក៏ធ្វើការរិះគន់ដល់ Nicky ផងដែរ។

សូមជម្រាបថា នាង Cecilia និងស្វាមី មានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ២០១១មកម្ល៉េះ ដោយពួកគេបានចាប់ផ្តើមស្រឡាញ់គ្នាពេលថតរឿង Scarlet Heart។ ពួកគេលាក់រឿងទំនាក់ទំនងនេះ ដោយមិនបានប្រកាសប្រាប់គេជាសាធារណៈរហូតដល់ថ្ងៃរៀបការ។ គូស្នេហ៍តារាចិនទាំងពីរនេះចុះសំបុត្រអាពាហ៍ពិពាហ៍ក្នុងឆ្នាំ២០១៥ ហើយបានរៀបចំកម្មវិធីរៀបការរបស់ពួកគេនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី៕