(ក្រុងតូរីន)៖ ក្លឹបបាល់ទាត់ Inter Milan បានបញ្ចប់តំណែងគ្រូបង្វឹក Luciano Spalletti ជាផ្លូវការហើយ ក្រោយដឹកនាំ បានតែ ២រដូវកាលប៉ុណ្ណោះ ខណៈក្លឹបនេះបានបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៤ ក្នុងព្រឹត្តិការណ៍ Serie A ដែលទទួលបានកៅអីលេងនៅ UEFA Champions League រដូវកាលក្រោយផងដែរ។

ការបញ្ចប់តួនាទីលោក Spalletti នេះដែរ ក្លឹបមានមូលដ្ឋាននៅទីក្រុង Turin ប្រទេសអ៊ីតាលីមួយនេះ គ្រោងតែងតាំង លោក Antonio Conte ជំនួសវិញ បន្ទាប់ពីលោក (Conte) បានចែកផ្លូវជាមួយ Chelsea កាលខែកក្កដា ឆ្នាំ២០១៨ កន្លងទៅ។

លោក Spalletti បានដឹកនាំ Inter Milan ឈ្នះកៅអីលេងនៅ UEFA Champions League វគ្គចែកពូលរដូវកាល ដោយស្វ័យប្រវត្តិក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ អំឡុងដែលលោកបានដឹកនាំ ២រដូវកាលមកនេះ ក្រោមកិច្ចសន្យា មានសុពលភាពដល់ឆ្នាំ២០២១។

អតីតគ្រូបង្វឹកដែលបានលាឈប់ពីក្លឹប Roma បានដឹកនាំ Inter Milan ធ្លាក់ត្រឹមវគ្គចែកពូល UEFA Champions League រដូវកាលនេះ និងសង្រ្គោះកៅអីពានរង្វាន់អឺរ៉ុបនេះត្រឡប់មកវិញ ក្រោយបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៤ ក្នុង Serie A រដូវកាលនេះ បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវ Empoli ២-១ នៅថ្ងៃបិទបញ្ចប់រដូវកាល៕