(ភ្នំពេញ)៖ សំបុត្រចូលទស្សនាការប្រកួតរវាងក្រុមជម្រើសជាតិកម្ពុជា និងជម្រើសជាតិប៉ាគីស្ថាន ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដាក់លក់ផ្លូវការហើយ ស្របពេលក្រុមជម្រើសជាតិកម្ពុជា មិនទាន់ធ្វើការប្រមូលផ្ដុំហ្វឹកហាត់នោះទេ។

សូមរំឭកថា ក្រុមគោព្រៃកម្ពុជា នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិ ទទួលក្រុមជម្រើសជាតិប៉ាគីស្ថានក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ (2022 FIFA World Cup qualification-AFC) ជើងទី១ នាថ្ងៃទី០៦ ខែមិថុនា សប្ដាហ៍ក្រោយ។ ចំពោះសំបុត្រចូលទស្សនា គឺរក្សាតម្លៃ ១០,០០០រៀល និង ៥,០០០រៀលដដែល។

ទន្ទឹមជាមួយការប្រកាសលក់សំបុត្រនេះដែរ គេឃើញអ្នកគាំទ្រមួយចំនួន នៅតែបន្ដចាប់អារម្មណ៍ចំពោះក្រុមជម្រើសជាតិកម្ពុជា ដែលមិនទាន់ធ្វើការប្រមូលផ្ដុំហ្វឹកហាត់ដដែល ដ្បិតលោក Felix Gonzalez Dalmas គ្រូបង្វឹកកម្ពុជាបានបញ្ជាក់កាលពេលថ្មីៗថា ការប្រមូលផ្ដុំគ្រោងនឹងធ្វើឡើង ក្រោយលីគកំពូលកម្ពុជា បញ្ចប់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី១០ ចុងសប្តាហ៍នេះ។

គួរបញ្ជាក់ថា បន្ទាប់ពីប្រកួតជើងទី១ ក្នុងដីនាថ្ងៃទី០៦ ខែមិថុនា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួតកាត់សេចក្ដីជើងទី២ ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នៅថ្ងៃទី១១ ខែមិថុនាខាងមុខ នៅទីក្រុងដូហា ប្រទេសកាតា ដែលជាទឹកដីកណ្ដាលវិញ ព្រោះប៉ាគីស្ថានអស្ថេរភាពនយោបាយ មិនអាចទទួលការប្រកួតក្នុងដីដោយផ្ទាល់បាន។ ចំពោះក្រុមទទួលបានជ័យជម្នះ នឹងឡើងទៅជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ដែលប្រទេសកាតានឹងធ្វើជាម្ចាស់ផ្ទះ៕