(ភ្នំពេញ)៖ ក្រុមបាល់ទាត់ភ្នំពេញក្រោន បានសម្រេចចែកផ្លូវជាមួយអ្នកចាំទីប្រេស៊ីលម្នាក់ទៀតហើយ គឺកីឡាករ Leonardo Oliveira Tavares ហើយក៏ជាកីឡាករបរទេសទី៤ ដែលអតីតក្រុមជើងឯកលីគ ៦សម័យកាលនេះ បានបញ្ចប់កិច្ចសន្យាមុនការកំណត់ផងដែរ ស្របពេលស្ថានភាពក្រុមបច្ចុប្បន្ន កំពុងធ្លាក់ដុនដាប ក្រោយចប់ការប្រកួតលីគកំពូលកម្ពុជា ៩សប្ដាហ៍កន្លងទៅ។

ក្រុមកំពុងឈរលេខរៀងទី៨ នៃលីគកំពូលកម្ពុជា បានប្រកាសលើគេហទំព័រផ្ទាល់របស់ក្លឹបថា «ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានកិត្តិយសសូមជម្រាបជូនសាធារណជន ក៏ដូចជាអ្នកគាំទ្រឱ្យបានជ្រាបថា ក្លឹបបានសម្រេចចែកផ្លូវគ្នាជាមួយកីឡាករ Leonardo Oliveira Tavares ក្រោយរូបគេបានចូលរួមជាមួយពួកយើងក្នុងរយៈពេលកន្លងមកនេះ ពោលគឺបានចូលរួមលេងក្នុងការប្រកួតផ្លូវការចំនួន ៣លើក»

ភ្នំពេញក្រោនបញ្ជាក់ថា «កីឡាករជនជាតិប្រេស៊ីលរូបនេះ បានសម្រេចចិត្តចាកចេញពីក្លឹប ជាមួយនឹងហេតុផលផ្ទាល់ខ្លួនមួយចំនួន និងដោយមានការព្រមព្រៀងគ្នាក្នុងការបញ្ចប់កិច្ចសន្យាជាមួយក្លឹបភ្នំពេញក្រោនជាស្ថាពរ។ យ៉ាងណាក៏ដោយ ឈរលើលទ្ធផលនៃការពិភាក្សារវាងភាគីក្លឹប និងសាមីខ្លួន បានសម្រេចមិនលើកបង្ហាញមូលហេតុទាំងនោះឡើយ ហេតុនេះ សូមសាធារណជនជាពិសេសអ្នកគាំទ្រក្លឹបបាល់ទាត់ភ្នំពេញក្រោនមេត្តាយោគយល់ដោយក្តីអនុគ្រោះ»

សូមបញ្ជាក់ថា គិតត្រឹមពេលនេះ ភ្នំពេញក្រោន បានបញ្ចប់កិច្ចសន្យាកីឡាករបរទេសចំនួន ៤នាក់មកហើយ ដូចជាកីឡាករកូរ៉េខាងត្បូង Tae Woong Kim ត្រូវក្លឹបចែកផ្លូវមុនលីគចាប់ផ្ដើម បន្ទាប់មកកីឡាករប្រេស៊ីល Darlan Martins ដែលជួយក្លឹបបានត្រឹម ២សប្ដាហ៍ និងកីឡាករ Jhonata Sant’anna Da Silva។ លើសពីនេះ កាលពីពេលថ្មីៗ ភ្នំពេញក្រោន ក៏បានបញ្ចប់កិច្ចសន្យាគ្រូបង្វឹកលោក Leonardo Vitorino បន្ទាប់ពីដឹកនាំក្រុមបាន ៦សប្ដាហ៍ផងដែរ។

ផ្អែកលើសមត្ថភាពនេះ ភ្នំពេញក្រោន កំពុងស្ថិតក្នុងស្ថានភាពមិនអំណោយផលក្នុងការប្រកួតប្រជែង ក្នុងលីគរដូវកាលថ្មីនេះឡើយ ជាក់ស្ដែងបច្ចុប្បន្ន ពួកគេសល់កីឡាករបរទេសត្រឹម ២នាក់ គឺកីឡាករប្រេស៊ីល Paulo Victor និងកីឡាករជប៉ុន Shuhei Mitsuhashi។ ចំពោះលទ្ធផលបណ្ដោះអាសន្ន ក្រោនកំពុងឈរលេខរៀងទី៨ និងមាន ១២ពិន្ទុក្នុងដៃប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ៩ប្រកួត ឈ្នះ៤ និងចាញ់ ៥ប្រកួត ហើយចុងសប្ដាហ៍នេះ ពួកគេត្រូវបើកទ្វារផ្ទះទទួលក្រសួងការពារជាតិ នាថ្ងៃសៅរ៍ស្អែកនេះក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៩៕