(ប៉ារីស)៖ ភ្ញៀវទេសចរជាច្រើនដែលធ្វើដំណើរទៅលេងប៉ម Eiffel Tower ពេលនេះអាចទទួលបានបទពិសោធន៍ថ្មីមួយទៀតហើយ ដោយក្រៅពីឡើងទៅកាន់កំពូល ទួ អ៊ី ហ្វេល (Eiffel Tower) ហើយនោះ ពួកគេក៏អាចរីករាយកម្សាន្តជាមួយនឹងការជិះខ្សែរ៉ក ដើម្បីមើលឃើញទេសភាព នៃទីក្រុងប៉ារីសពីលើអាកាស បានផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩។

ការជិះខ្សែរ៉ក ចាប់ផ្ដើមពីយ៉រជាន់ទី២ នៃប៉ម Eiffel Tower នៃទីក្រុងប៉ារីស ឆ្ពោះទៅកាន់អាគារ Ecole Militaire ដែលមានចម្ងាយ ៨០០ម៉ែត្រ ដោយប្រើរយៈពេល ១នាទី ជាមួយនឹងល្បឿន ៩០គីឡូម៉ែត្រក្នុងរយៈពេល១ម៉ោង។ មនុស្សចំនួន ២៦០នាក់ត្រូវបានគេជ្រើសរើស ដើម្បីជិះខ្សែរ៉ក ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩។

ខ្សែរ៉កមួយនេះ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនឈ្មោះ Perrie របស់ប្រទេសបារាំង ក្នុងគោលបំណង ដើម្បីអបអរសាទរព្រឹត្តិការណ៍ French Open និងខួប ១៣០ឆ្នាំនៃការសាងសង់ប៉ម Eiffel Tower៕