(ម៉ាឌ្រីដ)៖ កីឡាករប្រធានក្រុម Sergio Ramos បានថ្លែងប្រាប់ BBC ថា រូបគេនឹងបន្តលេងឲ្យក្លឹបអធិរាជស Real Madrid និងចង់បញ្ចប់​អាជីពលើវាលស្មៅនេះនៅទីនេះ ក្នុងខណៈដែលខ្លួនកំពុងមានវ័យ ៣៣ឆ្នាំទៅហើយនោះ។

ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនៅពេលដែលភ្នាក់ងារ ក៏ដូចជា Ramos ផ្ទាល់បានជួបពិភាក្សាជាមួយប្រធានក្លឹប Real Madrid លោក Florentino Perez ជុំវិញបញ្ហាដែលរកាំរកូសជាមួយគ្នាក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ គ្រាដែលកិច្ចសន្យាកីឡាករខ្សែការពារ​ក្នុងក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះ មានសុពលភាពរហូតដល់ឆ្នាំ២០២១ នៅកីឡដ្ឋាន Santiago Bernabeu។

Ramos បានថ្លែងថា «ក្តីសុបិនរបស់ខ្ញុំ គឺចង់ចូលនិវត្តន៍នៅទីនេះ។ វាជារឿងពិតដែលខ្ញុំក្លឹបចិនចង់បានរូបខ្ញុំទៅចូលរួមជាមួយពួកគេ តែវាមិនអាចកើតឡើងឡើយ។ ក្នុងជំនួបជាមួយលោក Perez ខ្ញុំបានប្រាប់គាត់ថា ខ្ញុំមិនចង់ទៅលេងឲ្យ ក្លឹបណា ដែលជាគូប្រជែងនឹង Real Madrid ឡើយ»

គួរបញ្ជាក់ផងថា វាមានរយៈពេល ១៤ឆ្នាំមកហើយដែលកីឡាករខ្សែការពារកណ្តាល Sergio Ramos បានលេងឲ្យក្លឹប ស្ថិតនៅទីក្រុង Madrid នៃប្រទេសអេស្ប៉ាញមួយនេះ គិតចាប់តាំងពីបានចាកចេញពីក្លឹប Sevilla ក្នុងឆ្នាំ២០០៥ ដោយកាលនោះគេមានវ័យទើបតែ ១៩ឆ្នាំប៉ុណ្ណោះដោយជួយឲ្យ Real Madrid ឈ្នះពានសរុបចំនួន ២០ពានក្នុងនោះ មានពានធំ UEFA Champions League ៤ដង និង La Liga ៤ដងដូចគ្នា៕