(ម៉ាឡេស៊ី)៖​ ទីបំផុតកីឡាករ ចាន់ វឌ្ឍនាកា បានខកចិត្តក្នុងអាជីពបាល់ទាត់ នៅលីគកំពូលម៉ាឡេស៊ីម្ដងទៀតហើយ បន្ទាប់ពីត្រូវក្លឹប PKNS FC បញ្ចប់កិច្ចសន្យាពាក់កណ្ដាលផ្លូវ ដ្បិតខ្សែប្រយុទ្ធឆ្នើមកម្ពុជារូបនេះ លេងបានជាងពាក់កណ្ដាលរដូវកាលប៉ុណ្ណោះ ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក នៃប្រទេសម៉ាឡេស៊ី បានឲ្យដឹងថា ក្លឹបកំពុងឈរលេខរៀងទី៧ នៃលីគកំពូលម៉ាឡេស៊ី ឆ្នាំ២០១៩ បានសម្រេចចែកផ្លូវជាមួយ ចាន់ វឌ្ឍនាកា ហើយបានយកកីឡាករកូនកាត់ថៃ-ន័រវ៉េ Kittiphong Pluemjai មកជំនួសភ្លាមៗ ដើម្បីធ្វើឲ្យទម្រង់លេងកាន់តែប្រសើរ ។

ជុំវិញការបញ្ចប់កិច្ចសន្យាជាមួយ ចាន់ វឌ្ឍនាកា នេះដែរ លោក Md Adi Harmizi Ariffin អគ្គលេខាធិការក្លឹប PKNS បានបញ្ជាក់ថា ធ្វើឡើងក្នុងរដូវកាលដោះដូរកីឡាករ ដោយក្លឹបចង់ផ្លាស់ប្ដូរយុទ្ធសាស្ដ្រថ្មី ដើម្បីជំរុញការប្រកួតប្រជែងកាន់តែខ្លាំង។ ប៉ុន្ដែយ៉ាងណាលោកទទួលស្គាល់ពីសក្ដានុពលរបស់ ចាន់ វឌ្ឍនាកា ដែលជួយឲ្យក្លឹបទទួលបានការគាំទ្រយ៉ាងច្រើនផងដែរ ។

គួរបញ្ជាក់ថា នេះគឺជាលើកទី២ ហើយ ដែល ចាន់ វឌ្ឍនាកា ត្រូវបានក្លឹបលីគកំពូលម៉ាឡេស៊ី បញ្ចប់កិច្ចសន្យាមុនកាលកំណត់ គ្រាដែលលើកទី១ អតីតកីឡាករបឹងកេតនេះ ត្រូវបានក្លឹប Pahang FA បញ្ចប់កិច្ចសន្យា មុនចប់ការប្រកួតសន្សំពិន្ទុជើងទី១ កាលពីឆ្នាំ២០១៨កន្លងទៅ៕