(ហុងកុង)៖ កម្មវិធីប្រដាល់ដ៏កក្រើករវាងកីឡាករជើងខ្លាំងថៃ Buakaw Banchamek ដែលត្រូវតតាំងជាមួយកីឡាករចិន Yi Long ជាការប្រកួតសងសឹកដើម្បីប្រាក់ ១.៥លានដុល្លារដែលនឹងធ្វើឡើងនៅចុងឆ្នាំ ២០១៩។

កម្មវិធីប្រដាល់ដែលត្រូវបានដាក់ឈ្មោះថា MAS Fight ឬហៅថា Rematch of the Century នឹងធ្វើឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ ខាងមុខនេះនៅទីក្រុងហុងកុង ប្រទេសចិនផ្ទាល់តែម្តង។

ទាំងកីឡាករថៃ Buakaw Banchamek និងគូប្រជែង កីឡាករម្ចាស់ផ្ទះចិន Yi Long នឹងធ្វើការប្រកួតដណ្តើមប្រាក់រង្វាន់ជាទឹកប្រាក់ប្រមាណ ១.៥លានដុល្លារ ដែលតំរ៉ូវឲ្យកីឡាករទាំងពីរស្ថិតក្នុងលក្ខណប្រកួតត្រូវវាយឲ្យដៃគូសន្លប់ទើបអាចក្លាយជាម្ចាស់ប្រាក់រង្វាន់ ដែលការប្រកួតមានតែ ១ទឹកប៉ុណ្ណោះ តែមានរយៈពេល ៩នាទី។

គួរបញ្ជាក់ផងថា នេះជាការប្រកួតលើកទី៣ រវាងអ្នកប្រយុទ្ធក្នុងក្បាច់គុន Muay Thai កីឡាករ Buakaw និងអ្នកប្រយុទ្ធចិន Kung Fu កីឡាករ Yi Long ខណៈ Buakaw ជាអ្នកប្រដាល់សេរីបានប្រមាណ ២៣៨ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន ៧២ដង បន្ទាប់ពីពួកគេទាំងពីរធ្លាប់យកឈ្នះគ្នាម្តងម្នាក់ដូចគ្នា៕