(ភ្នំពេញ)៖ ជាការកត់សម្គាល់ មួយរយៈមកនេះមានតារាសម្តែងមួយចំនួនបានរអ៊ូរទាំរឿងមិនសូវមានទីផ្សារភាពយន្ត មិនបានបញ្ចេញសមត្ថភាពសិល្បៈរបស់ខ្លួន រហូតតារាមួយចំនួនមានសមត្ថភាព ទេពកោសល្យ និងជាតារាលំដាប់កំពូល ដូចជាអ្នកនាង ស្វែង សុជាតា ជាដើមនោះ ក៏បានរអ៊ូពីរឿងនេះផងដែរ ដល់ថ្នាក់សំណូមពរឲ្យបណ្តាផលិតករនានា កុំរើសតួតាមខ្សែ ព្រោះគិតថាកត្តានេះ អាចជាផ្នែកមួយធ្វើឲ្យភាពយន្តខ្មែរគ្មាន ការគាំទ្រច្រើន។ ទាក់ទងនឹងរឿងនេះ ងាកមកការបញ្ចេញមតិយោបល់របស់លោក លៀក លីដា ដែលជាម្ចាស់ផលិតកម្ម LD វិញ បានឲ្យដឹងថា រឿងរើសតួតាមខ្សែមិនប្រាកដនោះទេ សំខាន់ធ្លាប់ធ្វើការជាមួយនរណាស្រួល គឺរើសអ្នកនោះ។

ពាក់ព័ន្ធនឹងរឿងនេះ ថ្លែងប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះ ម្ចាស់ផលិតកម្មដ៏ល្បី LD Picture គឺលោក លៀក លីដា បានអះអាងថា ការរើសតួតាមខ្សែ មិនប្រាកដនោះទេ សំខាន់ធ្លាប់ធ្វើការជាមួយនរណាស្រួល គឺរើសអ្នកនោះ។ ភ្ជាប់ជាមួយនឹងការលើកឡើងបែបនេះ លោក លៀក លីដា បានយកតួ នាយ គ្រឿន មកឧទាហរណ៍ថា ហេតុអ្វីបានជាលោករើសយកនាយគ្រឿង តួដដែលៗមកសម្តែង? ព្រោះមិនមែនកំប្លែងបានល្អជាងគេនោះទេ គឺនាយគ្រឿនស្រឡាញ់ការងារ។ នាយគ្រឿន ជាមនុស្សកំពូលរវល់ ការងារច្រើនណាស់​ ប៉ុន្តែមិនដែលមកខកម៉ោងការងារនោះទេ.... បើប្រៀបធៀមទៅហ្នឹងតារាដែលមិនសូវរវល់ផ្សេងទៀត គឺមកយឺតរហូត។

លោកបន្តថា ផលិតកម្ម LD តែងតែយកតួ លឹម ជាឡាយ មកសម្តែង ព្រោះលឹម ជាឡាយ ល្អ ស្រឡាញ់ការងារ, យកចិត្តទុកដាក់នឹងការងារ, គោរពពេលវេលា និងសម្តែងបានល្អទៀត ដូច្នេះលោករើសមកសម្តែងរហូតតែម្តង​​ សំខាន់ភ្ញៀវយកឬអត់ និងគេមើលឬអត់តែប៉ុណ្ណឹង។ និយាយដល់ចំណុចនេះ រឿងយកតួដដែលៗមកសម្តែងលោក លៀក លីដា បានសង្កត់ធ្ងន់ថា តួថ្មីមានច្រើនទៀត សំខាន់ឈុតណា ដែលត្រូវលឹម ជាឡាយ គឺដាក់ហើយ មិនខ្វល់នោះទេ។ ​

បន្ថែមពីនេះ លោក លៀក លីដា បានឲ្យដឹងថា រឿងតារាខ្វះសមត្ថភាព មិនទាក់ទងនឹងផលិតករនោះទេ ដោយអះអាងថាសំខាន់ពេលផលិតគឺ ឲ្យតារានោះសាកល្បងសម្តែងទៅ បើអសមត្ថភាព គឺកុំយកទៅបានហើយ ព្រោះជាធម្មតារាគឺមានកម្រិត បើសម្តែងបានត្រឹមឈុតណា គឺប៉ុណ្ណឹងទៅអត់បញ្ហាទេ ហើយឲ្យរៀនបន្តទៀតទៅ។

ការលើកឡើងខាងលើ របស់លោក លៀក លីដា បន្ទាប់ពីសង្កេតឃើញថា បច្ចុប្បន្ននេះមានតារាសម្តែងមួយចំនួន បានធ្វើការបញ្ចេញមតិជាបន្តបន្ទាប់ពីបញ្ហារើសតួតាមខ្សែ។ ក្រៅពីនោះ ក៏មានការរអ៊ូរទាំពីសំណាក់ទស្សនិកជនផងដែរ ពីរឿងតារាសម្តែង មិនសូវមានទេពកោសល្យ ពេលមើលទៅសម្តែងឆ្គងៗ ចូលតួមិនដល់ជាដើម ខណៈនេះជាកត្តាមួយធ្វើឲ្យអ្នកទស្សនាធុញទ្រាន់ គ្មានអារម្មណ៍ចង់តាមដាន។ ទស្សនិកជនមួយចំនួនបានលើកឡើងថា ភាពយន្តខ្មែរ គឺចង់គាំទ្រហើយ ប៉ុន្តែបើមិនល្អមើល សាច់រឿងដដែល និងតួសម្តែងនិយាយតាមអ្វីដែលផលិតករដាក់ឲ្យ ដូចអានតាមសាច់រឿង ក៏មិនល្អមើលដែរ។ សរុបសេចក្តីមក ការរិះគន់របស់ទស្សនិកជន អាចជាផ្លូវមួយ សម្រាប់ផលិតករនានា យកទៅពិចារណា និងកែលំអចំណុចដែលខ្វះខាត ដើម្បីឲ្យភាពយន្តខ្មែរដំណើរការទៅមុខ ដោយមានការគាំទ្រពីទស្សនិកជនច្រើន៕