(ភ្នំពេញ)៖ លោក Felix Gonzalez Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាបានបង្ហើបថា បច្ចុប្បន្នលោកមានបញ្ជី ឈ្មោះកីឡាករ ៩០% ក្នុងដៃហើយ ដើម្បីប្រមូលផ្ដុំត្រៀមជួបក្រុមជម្រើសជាតិប៉ាគីស្ថាន តែការប្រកាសផ្លូវការអាចចាំចប់ការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី១០។ នេះបើតាមការបញ្ជាក់ក្នុង Live លើទំព័រហ្វេសប៊ុករបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាកាលពីល្ងាចមិញ។

ឆ្លើយតបនឹងសំណួររបស់អ្នកគាំទ្រក្បែរ ១ម៉ោង គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបានឲ្យដឹងថា ក្រុមជម្រើសជាតិកម្ពុជា គ្រោងប្រមូលផ្ដុំហ្វឹកហាត់នៅថ្ងៃទី០៣ ខែមិថុនា។ ចំពោះបញ្ជីឈ្មោះកីឡាករ នៅមិនទាន់បង្ហាញនោះទេ រង់ចាំពេលវេលាជាក់ស្ដែង អាចចាំចប់លីគសប្ដាហ៍ទី១០ ដែលត្រូវប្រកួតថ្ងៃទី០១-០២ ខែមិថុនាចុងសប្ដាហ៍នេះ។ ប៉ុន្ដែទន្ទឹមជាមួយគ្នា លោកបានបង្ហើបថា ពេលនេះលោកមានកីឡាករក្នុងបញ្ជីប្រមាណ ៩០% ហើយ។

លើសពីនេះ លោកក៏បានបកស្រាយទៅនឹងចម្ងល់របស់អ្នកគាំទ្រដែលចោទសួរថា ហេតុអ្វីក្រុមជម្រើសជាតិធ្វើការប្រមូលផ្ដុំរយៈពេលខ្លីម្ល៉េះ? ថាការប្រមូលផ្ដុំរយៈពេលខ្លីបែបនេះ ដោយសារលោកគោរពថ្ងៃ FIFA Day របស់សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ ដែលអាចកោះហៅកីឡាករប្រមូលផ្ដុំបាន។ ម្យ៉ាងលោកមិនចង់ឲ្យប៉ះពាល់ដល់កម្មវិធីប្រកួតលីគ។ ហេតុនេះទើបលោកសម្រេចចិត្ត នឹងប្រមូលផ្ដុំនៅថ្ងៃទី០៣ ខែមិថុនា។ តែមែនទែន លោកក៏ចង់មានពេលគ្រប់គ្រាន់ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ដែរ។

គួរបញ្ជាក់ថា ក្រុមរហស្សនាមគោព្រៃកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិប៉ាគីស្ថាន ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ នៅប្រទេសកាតា-ប្រចាំទ្វីបអាស៊ី (2022 FIFA World Cup qualification-AFC) ចំនួន ២ជើង ដោយជើងទី១ ត្រូវប្រកួតលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នាថ្ងៃទី០៦ ខែមិថុនា និងជើងទី២ ប្រកួតនៅទីក្រុងដូហា ប្រទេសកាតា (ទឹកដីរបស់ប៉ាគីស្ថាន) ព្រោះប្រទេសប៉ាគីស្ថាន មិនអាចទទួលធ្វើម្ចាស់ផ្ទះផ្ទាល់បានទេ ដោយសារប្រទេសនេះមិនមានស្ថេរភាពនយោបាយ៕