(ភ្នំពេញ)៖ ជំនួបរវាងអតីតក្រុមខ្លាំងភ្នំពេញក្រោន និងក្រសួងការពារជាតិ ត្រូវបានគេគិតជាពិសេសប្រចាំសប្តាហ៍ទី១០ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី០១ ខែមិថុនាខាងមុខនេះ នៅកីឡដ្ឋាន RSN នាម៉ោង ៦៖០០នាទីល្ងាច។

ក្រោន ទើបតែបានយកឈ្នះគិរីវង់សុខសែនជ័យ ក្នុងលទ្ធផលប្រផិតប្រផើយបំផុត ២-១ កាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា នៅទឹកដីនៃកីឡដ្ឋាន អ.អេស.អិន។ ភ្នំពេញក្រោន ឆ្លងកាត់៩ប្រកួតកន្លងមកនេះ ឈ្នះ៤ដង និងចាញ់៥ដង ឈរនៅចំណាត់ថ្នាក់លេខ៨ មាន១២ពិន្ទុ។

ងាកមកមើលក្រុមក្រសួងការពារជាតិវិញ កាលពីសប្តាហ៍ទី៩ ក៏រកបាន ៣ពិន្ទុតាមរយៈយកឈ្នះវិសាខា ក្នុងលទ្ធផល ១-០ នៅក្នុងទឹកដីនៃកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់)។ ការពារជាតិ ឆ្លងកាត់៩ប្រកួតដូចគ្នា ឈ្នះ៥ដង ស្មើ២ដង និងចាញ់២ដង ឈរនៅចំណាត់ថ្នាក់លេខ៥ និងមាន១៧ពិន្ទុ៕