(ភ្នំពេញ)៖ ប្រិយមិត្តទស្សនិកជនប្រាកដជា ស្គាល់យ៉ាងច្បាស់នូវអតីតបវរកញ្ញាចក្រវាឡឆ្នាំ ២០១៨ តំណាងឲ្យប្រទេសកម្ពុជា ដើម្បីចេញទៅប្រកួតនៅក្រៅប្រទេស កញ្ញា រឿន ស៊ីណាត ខណៈកន្លងមក ទស្សនិកជន​បានឃើញរួចមកហើយ នូវសមត្ថភាពនិងទេពកោសល្យ សិល្បៈ​ របស់តារាស្រីរូបនេះ ក្នុងការដើរម៉ូត ជាពិសេសនោះ គឺសម្ដែងក្នុងសាច់រឿងខ្លី បែបអប់រំតែម្ដង គឺរឿង «រឹងមាំ»។ យ៉ាងណាមិញ ក្រោយពីលេចមុខ ក្នុងរឿងបែបអប់រំ និងទទួលបានការគាំទ្រពីសំណាក់មហាជនហើយនោះ ពេលថ្មីៗនេះស្រីស្រស់ រឿន ស៊ីណាត បានលេចមុខជាក្នុង MV បទចម្រៀងថ្មីលើកដំបូង របស់​តារាចម្រៀង​ ហ្សូណូ កាន់តែធ្វើឲ្យទស្សនិកជន មានចាប់អារម្មណ៍។

ជាការពិតណាស់ ថ្មីៗនេះ តារាចម្រៀង​របស់ផលិតកម្មហង្សមាស លោក ហ្សូណូ បានបញ្ចេញនូវស្នាដៃបទចម្រៀង ក៏ដូចជា MVថ្មី របស់ខ្លួន​ មានចំណងជើងថា «ហាម» ខណៈបទនេះជា បទបែបមនោសញ្ចេតនា ស្នេហាឈឺចាប់ កំពុងតែឆក់យកបានការគាំទ្រ ពីសំណាក់យុវវ័យ។ ដោយឡែកអ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងថែមទៀតនោះ ​គឺកញ្ញា រឿន ស៊ីណាត ជាតួអង្គស្រី ក្នុងចម្រៀងនេះតែម្ដង ដែលត្រូវសម្ដែង​ជាមួយនឹងលោកហ្សូណូ​។ គេសង្កេតឃើញថា ទោះបីជាអ្នកទាំងពីរទើបប៉ះគ្នាលើកទីមួយក្ដី តែពួកគេហាក់សម្ដែងបានយ៉ាងស័ក្ដិសម​ ជាពិសេសនោះគឺដូចជាគូស្នេហ៍ពិតៗ​។

គួរបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលអតីតបវរកញ្ញាចក្រវាឡ ឆ្នាំ២០១៨ កញ្ញា រឿន ស៊ីណាត បង្ហាញវត្តមានក្នុង MV បទចម្រៀង ខណៈសមត្ថភាពក្នុងការ សម្ដែងរបស់នាង គឺពិតជាស័ក្ដិសម និងដាក់អារម្មណ៍​បានយ៉ាងល្អ បន្ទាប់ពីកន្លងមក នាងធ្លាប់តែបង្ហាញខ្លួនក្នុងរឿងអប់រំខ្លីតែប៉ុណ្ណោះ​។

ចង់ដឹងថា បទចម្រៀង «ហាម» មានអត្ថន័យពីរោះ ព្រមទាំងការសម្ដែង​ពី​កញ្ញា រឿន ស៊ីណាត ជាមួយនឹងលោក ហ្សូណូ ក្នុងបទ «ហាម» បានល្អយ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជនរីករាយសណ្ដាប់ និងទស្សនាទាំងអស់គ្នា៖