(ភ្នំពេញ)៖ កីឡាករ អ៊ន ចាន់ប៉ូលីន រកបាន ១គ្រាប់ដោយការតែតបញ្ចូលទីក្នុងជ័យជម្នះដែលក្រុមបាល់ទាត់ភ្នំពេញក្រោន ទល់នឹងក្រុមខេត្តតាកែវ គីរីវង់សុខសែនជ័យ បានសម្តែងអារម្មណ៍រីករាយជាខ្លាំង ហើយបានលើកឡើងថា ជាគ្រាប់បាល់សម្រាប់មិត្តរួមក្រុមទាំងមូល និងអ្នកគាំទ្រក្លឹបនេះតែម្តង។

កីឡាករដែលលេងក្នុងតំបន់បម្រើកណ្តាលរូបនេះបាននិយាយថា «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ព្រោះពួកយើងអាចយកបាន ៣ពិន្ទុពីការប្រកួតដ៏សំខាន់នេះ។ សម្រាប់វគ្គទី១ ពួកយើងធ្វើបានល្អច្រើនជាហេតុធ្វើឲ្យយើងមានឱកាសក្នុងការនាំមុខពួកគេ ប៉ុន្តែនៅវគ្គទី២ ពួកយើងផ្តោតទៅលើការការពារច្រើន ដូច្នេះពួកគេមានបាល់លេងច្រើន ស្របពេលដែលពួកយើងថមថយកម្លាំងផងនោះ ហើយពួកគេក៏លេងប្រកបដោយឆន្ទៈ ទើបវាយបកបាន ១គ្រាប់វិញ»

បន្ថែមលើនេះ ទោះបីជាការប្រកួតបានបញ្ចប់ទៅដោយជ័យជម្នះក្តី ប៉ុន្តែ ប៉ូលីន មិនចង់ឲ្យក្រុមគីរីវង់ទាត់បញ្ចូលទីនោះឡើយ ដោយគេបាននិយាយថា «ឈ្នះ ២-១ ក៏យើងទទួលបាន ៣ពិន្ទុ ហើយ ១-០ ក៏ក្រុមយើងទទួលបាន ៣ពិន្ទុដូចគ្នា ប៉ុន្តែបើអាច ខ្ញុំពិតជាមិនចង់ឲ្យក្រុមណាទាត់ចូលទីយើងនោះទេ ព្រោះខ្ញុំចង់រក្សា Clean Sheet»

សូមបញ្ជាក់ផងថា ១គ្រាប់របស់ខ្ញុំពិតជាមានន័យខ្លាំងណាស់សម្រាប់ខ្ញុំ ព្រោះវាជិតចប់ការប្រកួតទៅហើយ ប៉ុន្តែខ្ញុំអាចធ្វើបាន ហើយ ១គ្រាប់នេះខ្ញុំផ្ញើជូនមិត្តរួមក្រុម ក៏ដូចជាអ្នកគាំទ្រទាំងអស់ដែរ ព្រោះពួកគាត់តែងតែនៅជាមួយពួកយើងចាប់ពីពេលចាប់ផ្តើមរហូតដល់ទីបញ្ចប់ ពោលគឺពួកគាត់មិនបោះបង់ចោលយើងនោះទេ៕