(ភ្នំពេញ)៖ ក្រុមជម្រើសខេត្តត្បូងឃ្មុំ នឹងត្រូវប៉ះខេត្តសៀមរាប នាវេលាម៉ោង ៦ល្ងាចនេះនៅកីឡដ្ឋានវិសាខា ក្នុងវគ្គផ្ដាច់ព្រ័ត្រថ្នាក់ខេត្ត នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣។

នេះសុទ្ធតែជាលើកដំបូងដែលក្រុមទាំងពីរបានឡើងមកដល់វគ្គផ្ដាច់ព្រ័ត្រ ដ្បិតកាលពីឆ្នាំមុន ក្រុមទាំងពីរ សុទ្ធតែបានធ្លាក់ត្រឹមវគ្គជម្រុះ ១៦ក្រុមចុងក្រោយថ្នាក់ខេត្ត។ មុនឈានដល់វគ្គនេះ ក្រុមទាំងពីរបានឆ្លងកាត់ការ ប្រកួតជម្រុះ ៤ដំណាក់កាលមកហើយ ក្នុងនោះខេត្តត្បូងឃ្មុំ នៅមិនទាន់ស្គាល់ចាញ់ម្ដងឡើយ រីឯខេត្តសៀមរាប បានស្គាល់ចាញ់ ២ប្រកួតកាលពីវគ្គជម្រុះក្នុងពូល។

ចាំមើលតើខេត្តត្បូងឃ្មុំ ឬខេត្តសៀមរាប នឹងបង្កើតកំណត់ត្រាលើកពានសម្ដេចតេជោ ហ៊ុន សែន-ថ្នាក់ខេត្ត លើកដំបូង? ប៉ុន្ដែទោះបីលទ្ធផលឈ្នះ ឬចាញ់ ក្រុមទាំងពីរ សុទ្ធតែមានភារកិច្ចបន្ដ គឺចូលរួមការប្រកួតវគ្គ ១៦ក្រុមចុងក្រោយនៃពានថ្នាក់ជាតិនាចុងខែមិថុនាខាងមុខ។ ហើយល្ងាចនេះ មុនការប្រកួតដណ្ដើមពាន ក្រុមខេត្តរតនគិរី និងខេត្តកោះកុង ក៏ត្រូវជួបគ្នាដណ្ដើមលេខ៣ និងប្រជែងកៅអីបង្គ្រប់វគ្គ ១៦ក្រុមចុងក្រោយផង ដែរ។

គួរបញ្ជាក់ថា បន្ទាប់ពីរកឃើញក្រុមជើងឯកពានថ្នាក់ខេត្ត និងបេក្ខភាពឡើងបង្គ្រប់វគ្គ ១៦ក្រុមចុងក្រោយ នៃពានថ្នាក់ជាតិ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា គ្រោងនឹងរៀបចំកម្មវិធីចាប់ឆ្នោតពានរង្វាន់សម្ដេច តេជោ ហ៊ុន សែន-ថ្នាក់ជាតិ ដើម្បីបន្ដការប្រកួតនាថ្ងៃទី៣១ ខែឧសភាខាងមុខ ដែលនឹងមានការចូលរួមពីក្រុម សមាជិកក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ផងដែរ៕