(ភ្នំពេញ)៖​ ទីបំផុតកៅអីកំពូលតារាងលីគកំពូលកម្ពុជា បានផ្លាស់ប្ដូរហើយ បន្ទាប់ពីបញ្ចប់ការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៨ ដែលគ្រប់គ្រងដោយក្រុមការពារតំណែងជើងឯកណាហ្គាវើល បន្ទាប់ពីក្រុមព្រះខ័នរាជស្វាយរៀង ប្រកួតស្មើក្រុមបឹងកេត ២-២ កាលពីយប់មិញ ។

ក្រុមណាហ្គាវើល មិនត្រឹមតែដណ្ដើមបានកៅអីកំពូលតារាងបណ្ដោះអាសន្ននោះទេ តែពួកគេ បានធ្វើរឿងគួរឲ្យភ្ញាក់ផ្អើល ដោយបានលត់ក្រុមអង្គរថាយហ្គឺរ ៤-០ ដើម្បីបញ្ចប់កំណត់ត្រាមិនស្គាល់ចាញ់របស់ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនេះ ។ ៤គ្រាប់ជួយឲ្យក្រុមលោក មាស ចាន់ណា ទទួលបាន ៣ពិន្ទុបន្ថែម ធ្វើសម្រេចដោយកីឡាករ ស៊ុះ ស៊ូហាណា ២គ្រាប់, កីឡាករ Kipson និង Omogba ម្នាក់ ១គ្រាប់ ដែលនាំឲ្យណាហ្គាវើល ឡើងឈរកំពូលតារាង និងមាន ២១ពិន្ទុ គ្រាដែលអង្គរថាយហ្គឺរ បន្ដឈរលេខ៤ និងមាន ១៥ពិន្ទុ ។

ដោយឡែកក្រុមព្រះខ័នរាជស្វាយរៀង បានធ្លាក់មកឈរលេខ២ ក្រោយប្រកួតស្មើក្រុមបឹងកេត ២-២ ដ៏តានតឹងបំផុត ។ ជំនួបដ៏កក្រើកលើទឹកដីខេត្តស្វាយរៀងនេះ បឹងកេត បានបំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះ ១គ្រាប់មុន ដោយកីឡាករ Purcino Luiz នៅនាទី៤៥ ។ តែចូលតង់ទី២ ក្រុមព្រះខ័នរាជស្វាយរៀង ក៏វាយបកបាន ២គ្រាប់វិញ ដោយកីឡាករ Privat និងកីឡាករ Charles William រហូតដល់ចុងម៉ោង ទើបកីឡាករ ឃួន ឡាបូរ៉ាវី ជួយក្រុមបឹងកេត តាមស្មើ ២-២ ។

តាមរយៈលទ្ធផលនេះ ក្រុមព្រះខ័នរាជស្វាយរៀង បានរក្សាកំណត់ត្រាមួយ គឺជាក្រុមមិនទាន់ស្គាល់ចាញ់ បើគិតត្រឹមសប្ដាហ៍ទី៨ ដោយឆ្លងកាត់ ៨ប្រកួតឈ្នះ៦ និងស្មើ២ មាន ២០ពិន្ទុឈរលេខ២ ស្របពេលក្រុមបឹងកេត បានបន្ដឈរលេខ៦ និងមាន ១៤ពិន្ទុ ស្មើក្រុមក្រសួងការពារជាតិ ដែលប្រកួតចាញ់ក្រុមគិរីវង់សុខសែនជ័យ ៤-១ ។ រីឯក្រុមវិសាខា បានបន្ដឈរលេខ៣ និងមាន ១៩ពិន្ទុក្នុងដៃ ក្រោយលត់ក្រុមយុវជន U-18 បាទី ៥-១៕