(ក្រុងតូរីន)៖ គ្រូបង្វឹក Massimiliano Allegri នឹងចាកចេញពី Juventus នៅបំណាច់រដូវកាលនេះ ក្រោយដឹកនាំក្លឹបសេះបង្កង់មួយនេះបានរយៈពេល ៥ឆ្នាំគិតចាប់តាំងពីឆ្នាំ២០១៤មក។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា បុរសវ័យ ៥១ឆ្នាំរូបនេះត្រូវបានតែងតាំងឲ្យដឹកនាំក្លឹបដែលស្ថិតនៅទី ក្រុង Turin មួយនេះតាំងពីឆ្នាំ២០១៤មក ដើម្បីជំនួសកៅអីលោក Antonio Conte ដែលបានឈប់ទៅដឹកនាំក្រុម ជម្រើសជាតិអ៊ីតាលី។

ក្នុងរយៈពេល ៥ឆ្នាំក្នុងការដឹកនាំ Juventus លោក Allegri បានជួយឲ្យក្លឹបនេះឈ្នះជើងឯក Italy-Serie A បាន៥សម័យកាលជាប់ៗគ្នាតពីលោក Conte ដែលឈ្នះបាន ៣សម័យកាលរួចមក មុនពេលចុះកិច្ចសន្យាទិញយក កីឡាករខ្សែប្រយុទ្ធពាក់លេខ៧ Cristiano Ronaldo ក្នុងតម្លៃ ៩៩.២លានផោននាដើមរដូវកាលនេះ ដោយបានត្រឹម ជួយ Juventus ឡើងដល់វគ្គ ៨ក្រុមចុងក្រោយនៃ UEFA Champions League ដោយមិនទាន់ឈ្នះពាននេះម្តងណា នៅឡើយទេ។

ទាំងលោក Allegri និងប្រធានក្លឹប Juventus លោក Andrea Agnelli នឹងថ្លែងក្នុងសន្និសីទសារព័ត៌មាននៅល្ងាចថ្ងៃសៅរ៍នេះ ហើយ Juventus ប៉ះ Sampdoria នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ អាចជា ១ប្រកួតចុងក្រោយក្នុងក្លឹបសេះបង្កង់នេះ៕