(ប៉ារីស)៖ ថ្មីៗនេះកីឡាករខ្សែការពារស្លាបស្តាំដ៏ឆ្នើម Dani Alves បានលើកឡើងថារូបគេកំពុងតែរង់ចាំសំណើពីក្លឹបធំៗជាច្រើន នៃក្របខណ្ឌលីគកំពូលអង់គ្លេស Premier League ដែលចង់បានរូបគេទៅចូលរួមជាមួយនារដូវកាលក្រោយ បន្ទាប់ពីរូបគេបានអស់កិច្ចសន្យាជាមួយក្លឹបបារាំង Paris Saint-Germain នេះបើយោងតាមការចេញផ្សាយដោយ Dailymail នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។

Alves បានផ្តើមលេងឲ្យ PSG តាំងពីឆ្នាំ២០១៧ ដោយរកបានតែ ២គ្រាប់ ក្នុងចំណោម ៤៥ប្រកួតក្នុងក្របខណ្ឌ Ligue 1 នារដូវកាលនេះ។ ខ្សែការពារប្រេស៊ីលរូបនេះធ្លាប់ឈ្នះពានលីគកំពូល ៣ក្របខណ្ឌផ្សេងគ្នារួមមាន La Liga របស់អេស្ប៉ាញ, Serie A របស់អ៊ីតាលី និង Ligue 1 របស់បារាំង បានកំពុងពន្យារពេលក្នុងការបន្តកិច្ចសន្យាថ្មីជាមួយ PSG បើទោះបីជាក្លឹបស្ថិតនៅទីក្រុង Paris មួយនេះមានគម្រោងផ្តល់កិច្ចសន្យា ១ឆ្នាំទៀតក៏ដោយ។

កីឡាករវ័យ ៣៦ឆ្នាំ សញ្ជាតិប្រេស៊ីល Dani Alves ក៏ធ្លាប់ជាគោលដៅរបស់ក្លឹបធំៗនៅ Premier League កាលឆ្នាំ២០១៧ ក្នុងនោះមានតោខៀវ Chelsea, Manchester United, Manchester City តែរូបគេបានសម្រេចទទួលយក សំណើ ៥.៤លានផោនលើតម្លៃពលកម្មពីក្លឹប PSG ហើយបច្ចុប្បន្នរូបគេបានបង្ហាញខ្លួនសរុប ៧១ប្រកួត ដោយរកបាន ៨គ្រាប់ និង ១៦គ្រាប់ ក្នុងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីថែមទៀតផង៕