(ភ្នំពេញ)៖ លោក ស៊ុំ វណ្ណា ដែលជាគ្រូបង្វឹកបណ្តោះអាសន្ននៃក្លឹបភ្នំពេញក្រោន បានកំពុងតែរៀបចំខ្លួនល្អគួរសម សម្រាប់ការប្រកួតទល់នឹងក្រុមសូលទីឡូអង្គរនាថ្ងៃសៅរ៍ស្អែកនេះ។

គ្រូបង្វឹកដែលជាជនជាតិខ្មែររូបនេះបាននិយាយថា «ពួកយើងមានការរៀបចំបានយ៉ាងល្អសម្រាប់ការប្រកួតនាសប្តាហ៍នេះ ហើយយើងនឹងព្យាយាមគ្រប់យ៉ាង ដើម្បីលេងឲ្យអស់លទ្ធភាពជាមួយក្រុមសូលទីឡូអង្គរ។ ស្របពេលដែលការប្រកួតនេះ ក្រុមរបស់ពួកយើងក៏ត្រូវពង្រឹងបន្ថែមទៀតនៅតំបន់ប្រយុទ្ធ បើទោះបីជាការប្រកួតមុននេះ យើងមានឱកាស​ទាត់ទីគេច្រើនជាងប្រកួតមុនៗក៏ដោយ»

គ្រូបង្វឹកដែលកាន់សញ្ញាបត្រ A-Licence នេះបានបន្ថែមថា «សូលទីឡូជាក្រុមមួយដែលមានបច្ចេកទេសល្អពេលពួកគេប្រកួតម្តងៗ។ ខ្ញុំគិតថា យើងនឹងមានការលំបាកក្នុងការលេងជាមួយពួកគេ ហើយបើនិយាយពីកីឡាកររបស់ពួកគេវិញ គឺមានបទពិសោធន៍ច្រើន និងម្យ៉ាងវិញទៀត កីឡាករជប៉ុនរបស់គេ ក៏មានគុណភាពល្អដែរ»

ការប្រកួតរវាងក្រុមភ្នំពេញក្រោន និងសូលទីឡូអង្គរ នឹងចាប់ផ្តើមនៅម៉ោង ៣៖៣០នាទីរសៀលថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩ នៅកីឡដ្ឋានខេត្តសៀមរាប ក្នុងសប្តាហ៍ទី៨ ជើងទី១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ដោយមាន ណាហ្គាវើល ជាក្រុមការពារតំណែងជើងឯក ខណៈបឹងកេតអែហ្វស៊ី ជាជើងឯករងកាលពីឆ្នាំ២០១៨ កន្លងទៅ៕