(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០១៩ បានបញ្ចប់សប្ដាហ៍ទី៧ នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ហើយដោយក្នុងនោះដែរ វេបសាយគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិ (CNCC) ក៏បានលើកយករឿងរ៉ាវ​គួរឲ្យចាប់អារម្មណ៍មួយចំនួនផងដែរមានដូចខាងក្រោមនេះ៖

១៖ Privat Mbarga ជាកីឡាករទី២ រកបាន ៧គ្រាប់ ពេលប៉ះក្រុមកំពង់ចាមនៃជ័យជម្នះ ដែលព្រះខ័នរាជស្វាយរៀង បានបំបាក់ ១៣ ទល់នឹង ០ កាលពីថ្ងៃអាទិត្យ ទី១២ ខែឧសភា។ Privat រកបាន ៧គ្រាប់ម្នាក់ឯងស្មើកីឡាករ កែវ សុខផេង ពេលវិសាខា យកឈ្នះក្រុមចំណូលថ្មីខាងលើ ១៤ទល់នឹង០ ដែរ។

២៖ លោក ស៊ុំ វណ្ណា ដឹកនាំក្រុមភ្នំពេញក្រោនឈ្នះនៅប្រកួតដំបូង ក្នុងនាមគ្រូបង្គោលបណ្ដោះអាសន្ន ទៅលើក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិនៅកីឡដ្ឋាន RSN នាថ្ងៃអាទិត្យ ទី១២ ខែឧសភា។

៣៖ អង្គរថាយហ្គឺរ បន្តកំណត់ត្រាមិនចាញ់សោះតាំងពីលីគកំពូលកម្ពុជា ឆ្នាំ២០១៨ ជើងទី២ មក។ ក្រុមអង្គរថាយហ្គឺរ មិនទាន់ចាញ់នៅឡើយទេ បូកទាំងពេលឈ្នះអាស៊ីអឺរ៉ុប យូណាយធីត ក្នុងលទ្ធផល ៦-១ នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា។ សរុប១៦ប្រកួត ស្មើ៨ដង និងឈ្នះ៨ដង។

៤៖ សូលទីឡូអង្គរទទួលជ័យជម្នះលើកដំបូង ១គ្រាប់ពីកីឡាករខ្សែបម្រើប្រយុទ្ធ Fumiya Kogure នៅវគ្គទី២ ទៅលើក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ បានផ្ដល់ជ័យជម្នះលើកដំបូងដល់សូលទីឡូអង្គរនារដូវកាលនេះ ខណៈ៦ប្រកួតកន្លងទៅ បានត្រឹមស្មើ៣ដង និងចាញ់៣ដងដូចគ្នា៕