(ភ្នំពេញ)៖ ក្រុមខ្លាំងវិសាខា នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី U-18 នាល្ងាចថ្ងៃទី១៨ ខែឧសភាស្អែកនេះ ក្នុងសប្ដាហ៍ទី៨ នៃលីគកំពូលកម្ពុជា។ តែមុនការប្រកួតលោក ហុក សុជីវ័ន គ្រូបង្វឹកវិសាខា បានស្នើរឿងមួយទៅកាន់អាជ្ញាកណ្ដាល ដើម្បីធ្វើឲ្យការប្រកួតនេះមានភាព Fair និងរួមចំណែកជំរុញក្រុមយុវជន U-18 បាទីកាន់តែខ្លាំង។

លោក ហុក សុជីវ័ន បាននិយាយថា «ចូលដល់លីគ យើងអត់គិតក្មេង ឬចាស់ទេ ចឹងខ្ញុំសំណូមពរតែម្យ៉ាងទេ ការចាប់របស់អាជ្ញាកណ្ដាល សូមកុំប្រកាន់ទៅលើគាត់តូច យើងជាកីឡាករអាជីព ឬក្លឹបធំ បើចាប់ដូច្នោះ វាជាផលមួយ ដែលពួកគាត់មិនត្រៀមលេងអន្ដរជាតិបានទេ ព្រោះកីឡាករស្រុកគេធំៗណាស់ អញ្ចឹងចូលលីគយើង កុំខ្វល់រឿងអាយុ ព្រោះនេះគឺជាការប្រកួតប្រជែងដ៏ខ្លាំង ចឹងយើងព្យាយាមធ្វើឲ្យ Fair ទៅតាមបច្ចេកទេសក្នុងការលេងទៅបានហើយ»

ជាមួយនឹងការលើកឡើងរបស់គ្រូបង្វឹកកម្រិត A-License រូបនេះ លោកហាក់ចង់ឲ្យការប្រកួតប្រជែងរបស់ក្រុមទាំងពីរ នាថ្ងៃសៅរ៍នេះ បញ្ចេញអស់ពីសមត្ថភាពរៀងៗខ្លួន។ ម្យ៉ាងលោកក៏ចង់ជំរុញឲ្យការប្រកួតប្រជែងរបស់យុវជនបាទីមានកម្រិតខ្ពស់ ដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការត្រៀមខ្លួនប្រកួតលើឆាកអន្តរជាតិផងដែរ ព្រោះការចូលរួមលីគនេះ គឺដើម្បីទទួលបានបទពិសោធន៍ល្អៗពីក្រុមធំៗ។

គួរបញ្ជាក់ថា វិសាខាបច្ចុប្បន្ន កំពុងឈរលេខ៣ និងមាន ១៦ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ៧ប្រកួត ឈ្នះ៥ ស្មើ១ និងចាញ់១។ រីឯក្រុម U-18 បាទីវិញកំពុងឈរលេខ១៣ និងមាន ៣ពិន្ទុប៉ុណ្ណោះ៕