(មេនឆេស្ទើ)៖ នាពេលថ្មីៗនេះក្លឹបដែលស្ថិតក្នុងមូលដ្ឋាននៃទឹកដីអង់គ្លេស Manchester United បានត្រៀមកញ្ចប់ទឹកប្រាក់ប្រមាណ ៥០លានផោន ដើម្បីទិញកីឡាករ ២រូប របស់ក្លឹប Crystal Palace ក្នុងនោះរួមមាន Aaron Wan-Bissaka និងកីឡាករ Patrick Van Aanholt។ នេះបើយោងតាមការចេញផ្សាយដោយ The Sun នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។

ក្រុមបិសាចក្រហម ដែលកំពុងស្ថិតក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer មានគម្រោងចុះកិច្ចសន្យានាំយកកីឡាករខ្សែការពារទាំងពីរនេះ មកកាន់កីឡដ្ឋាន Old Trafford ដើម្បីបំពេញកន្លែងខ្វះខាតក្នុងក្រុមដោយមើលឃើញថា Wan-Bissaka និង Van Aanholt បានបង្ហាញទម្រង់លេងយ៉ាងល្អ ក្នុងការប្រកួតនាពេលកន្លងមក ដោយជួយ Crystal បន្តឈរជើងក្នុងក្របខណ្ឌ Premier League នៅរដូវកាលទៀត។

គួរបញ្ជាក់ផងថា Aaron Wan-Bissaka សញ្ជាតិអង់គ្លេស វ័យ ២១ឆ្នាំ គឺជាកីឡាករយុវជនរបស់ក្លឹប Crystal បច្ចុប្បន្នបង្ហាញខ្លួនបាន ៤៦ប្រកួត ចាប់តាំងពីឆ្នាំ២០១៦ គ្រាដែលមិត្តរួមក្រុមសញ្ជាតិហូឡង់ Van Aanholt ដែលមានវ័យ ២៨ឆ្នាំ ត្រូវបានក្លឹបនាំមកពីក្លឹប Sunderland កាលឆ្នាំ២០១៧ ក្នុងតម្លៃខ្លួនប្រមាណ ១២លានអឺរ៉ូ ដោយលេងបាន ៨២ប្រកួត រកបាន ១១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ៣ដង ហើយក៏ជាគោលដៅរបស់ក្លឹបអ៊ីតាលី Juventus និង Roma ផងដែរ៕