(ភ្នំពេញ)៖ ក្រុម Khmer United-A បានត្រឡប់ចូលប្រអប់ Top-5 នៃពានរង្វាន់ Keller Williams Cambodia League 2019 វិញហើយ បន្ទាប់ពីយកឈ្នះក្រុមបាសាក់ ៧-៣ នៅកីឡដ្ឋានវេស្ទើន កាលពីចុងសប្ដាហ៍កន្លងទៅ គ្រាដែលក្រុម Riel Phnom Penh បានស្គាល់បរាជ័យលើកដំបូង ក្នុងព្រឹត្តិការណ៍នេះ ក្រោមថ្វីជើងក្រុម ISI United ២-០ ។

ក្រោយរបូតកៅអី Top-5 មួយសប្ដាហ៍ ក្រុម Khmer United-A បានព្យាយាមធ្វើយ៉ាងល្អក្នុងការប្រកួតសន្សំពិន្ទុ សប្ដាហ៍ទី៩ ដោយយកឈ្នះក្រុមបាសាក់ ៧-៣ ដើម្បីឡើងទៅឈរលេខ៥ និងមាន ២០ពិន្ទុ ជាមួយលទ្ធផល ៩ប្រកួតឈ្នះ៦ ស្មើ២ និងចាញ់ ១ ។ ចំណែកក្រុមបាសាក់ បានធ្លាក់ទៅឈរលេខ៦ ដោយមាន ១៨ពិន្ទុ ។

ចំណែកក្រុមប្រជុំដោយកីឡាករបរទេស Riel Phnom Penh វិញ បានរបូតកៅអីកំពូលតារាងហើយ បន្ទាប់ពីរបូត ៣ពិន្ទុលើកដំបូង ដោយចាញ់ក្រុម ISI United ២-០ ។ លទ្ធផលនេះ បានធ្វើឲ្យក្រុម ISI United ឡើងទៅឈរកំពូលតារាងវិញ ដោយមាន ២៥ពិន្ទុ ជាមួយលទ្ធផល ៨ប្រកួតឈ្នះ៨ និងស្មើ ១ មិនស្គាល់ចាញ់ គ្រាដែលក្រុម Riel Phnom Penh បានធ្លាក់មកឈរលេខ៣ និងមាន ២២ពិន្ទុ ។

ដោយឡែកក្រុម Avatar បានឡើងទៅឈរលេខ២ បណ្ដោះអាសន្ន និងមាន ២៤ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុម Mambo Phnom Penh ដោយលទ្ធផល ៦-២ ។ ស្របពេលក្រុម Bayon Wanderers បានរក្សាកៅអីលេខ៤ របស់ខ្លួនដដែល ដោយមាន ២១ពិន្ទុក្នុងដៃ ក្រោយលត់ក្រុម Sen Sok Empire ដោយលទ្ធផល ១១-២ ។

រីឯលទ្ធផល ៥ប្រកួតផ្សេងទៀត រួមមានក្រុម Khmer United U-22 បានយកឈ្នះក្រុម Khmer United-B ៥-២, ក្រុមគ្រួសារកីឡាតាំងគោក ឈ្នះក្រុម Anvaya ៣-០, ក្រុមទន្សោងអែហ្វស៊ី ឈ្នះក្រុម ATK ៣-១ និងក្រុម Sniper FC យកឈ្នះក្រុម Home Sport ដោយលទ្ធផល ៣-០៕