(ភ្នំពេញ)៖ មួយរយៈចុងក្រោយមកនេះ ទស្សនិកជនជាច្រើនបានសម្ដែងការចាប់អារម្មណ៍​ និងធ្វើឲ្យអ្នករស់នៅក្នុងចង្កោមសិល្បៈមានការភ្ញាក់ផ្អើល​ បន្ទាប់ពីតារាកំប្លែងក្រុមនាយពែកមី គឺ នាយ តាក់ស៊ី បានសម្រេចចិត្តទៅបួសធ្វើជាព្រះសង្ឃ ព្រមទាំងបានប្រាប់ឲ្យប្រពន្ធទៅរកប្តីថ្មីទៀតផង​ ខណៈនាង ភីម ជាភរិយា កាលដែលស្វាមីសម្រេចចិត្តដូច្នេះ បានធ្វើឲ្យនាងមានការព្រួយបារម្ភ និងមានទុក្ខកង្វល់ជាខ្លាំង ដោយសារតែឃាត់ស្វាមីមិនឈ្នះ ហើយបច្ចុប្បន្ននាង និងកូន ថែមទាំងមានសម្ពាធខ្លាំង​ ព្រោះតែស្វាមីចង់នៅឆ្ងាយពីខ្លួន។ មិនតែប៉ុណ្ណោះ ថែមទាំងឲ្យនាងទៅរកប្តីថ្មី ដែលគេស្រឡាញ់នាង និងអាចមើលថែមរក្សាកូនបាន។ ទាំងនេះបានធ្វើឲ្យទស្សនិកជនជាច្រើន មានចិត្តអាណិតទៅលើរូបនាងជាខ្លាំង និងពេលខ្លះតារាកំប្លែងស្រីរូបនេះ​ និយាយទាំងអួលដើមកទៀតផង ពេលរំឭកដល់រឿងនេះ។

​ប្រភពច្បាស់ការណ៍បានឲ្យដឹងថា ពេលនេះនាង ភីម ដែលជាភរិយារបស់ នាយ តាក់ស៊ី ប្រៀបបាននឹងមនុស្សគ្មានស្មារតីក្នុងខ្លួនអ៊ីចឹង ដោយសារតែអារម្មណ៍នៅនឹងស្វាមី ព្រួយបារម្ភ និងអាណិតស្វាមី ព្រោះតែការសម្រេចចិត្តទៅរកព្រះធម៌ ដោយសារតែអស់សង្ឃឹមនឹងការព្យាបាលជំងឺទឹកនោមផ្អែម។ សម្រាប់ទឹកចិត្តជាភរិយា ទោះស្វាមីមានជំងឺឈឺយ៉ាងណា ក៏សុខចិត្តរួមសុខរួមទុក្ខជាមួយគ្នា ព្រោះកន្លងមកអ្នកទាំងពីរ បានពុះពារនូវរឿងរ៉ាវជាច្រើនជាមួយគ្នា តែមកទល់នឹងពេលនេះបែរជា នាយ តាក់ស៊ីរត់ទៅបួស ព្រោះជឿលើឧបនិស្ស័យ​របស់ខ្លួន។ រឹតតែអាណិតនាយភីមនោះ គឺស្វាមីបានពោលពាក្យថា ឲ្យទៅរកប្តីថ្មី ខណៈដែលនាងជាប្រពន្ធកំពុងមានចិត្តបារម្ភ អាណិត និងស្រឡាញ់ស្វាមីជាខ្លាំង​។​

រំឭកដល់ចំណុចនេះ សូម្បីតែទស្សនិកជនដែលដឹងរឿងរ៉ាវរបស់គ្រួសារ នាយតាក់​ស៊ី ស្ទើរតែស្រក់ទឹកភ្នែក និងអាណិត ដល់និស្ស័យស្នេហ៍ប្តីប្រពន្ធមួយគូនេះជាខ្លាំង ជាពិសេសកូនរបស់អ្នកទាំងពីរ ដែលមានវ័យ​១០ឆ្នាំនោះ ត្រូវឃ្លាតឆ្ងាយពីឪពុកជាទីស្រឡាញ់ សុខចិត្តចាកចេញពីគ្រួសារ ទៅសំងំមានទុក្ខម្នាក់ឯង។

យ៉ាងណាមិញ រហូតមកទល់នឹងពេលនេះ ទោះបីនាយ តាក់ស៊ី បានប្រកាសក្តែងៗថានឹងទៅបួស នៅពាក់កណ្ដាលខែឧសភាខាងមុខនេះក្តី តែសម្រាប់ក្រុមគ្រួសារ ជាពិសេសភរិយា នៅតែអង្វរលោកឲ្យគិតជាថ្មី និងតស៊ូជាមួយគ្នាបន្ត។ តែបើតាមនាយ តាក់ស៊ី ហាក់មិនខ្វល់អ្វីនោះទេ ដោយនៅតែប្រកាន់នូវជំហរថា លោកត្រូវតែទៅបួស បើមិនទៅបួសរស់មិនសុខ ព្រោះជាឧបនិស្ស័យតម្រូវឲ្យលោកទៅបួស។ លោកថា មិនទទួលការជួយចេញថ្លៃព្យាបាល ពីបណ្តាសប្បុរសជនណានោះទេ ខណៈថ្មី ៗនេះ ក៏ឮថាមានគ្រូពេទ្យម្នាក់ ប្រកាសព្យាបាលលោកនោះ។

គួរជម្រាបថា នាយ តាក់ស៊ី គឺជាតារាកំប្លែងមួយរូប ដែលមានប្រជាប្រិយភាពគួរសម ហើយលោកក៏ត្រូវបានគេដឹងថា មានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃជាយូរមកហើយ​ ប៉ុន្តែក្រោយទទួលបានការព្យាបាលធូរស្បើយបន្តិច ក៏ត្រឡប់មកសម្តែង និងលេងកំប្លែងជាថ្មីវិញ។ រហូតមកទល់នឹងពេលនេះ លោកបានអះអាងថា ខ្លួនគ្មានកម្លាំងកំហែងទេ ហើយក៏មិនហ៊ានទទួលកម្មវិធីដូចមុនដែរ ព្រោះខ្លាចកំពុងសម្ដែង អាចដួលសន្លប់លើឆាក។ ដូច្នេះដើម្បីកុំឲ្យក្រុមគ្រួសារលំបាកជាមួយខ្លួន និងដើម្បីសន្សំកុសលផងនោះ ទើបសម្រេចចិត្តទៅបួស នៅពាក់កណ្ដាលខែឧសភាខាងមុខនេះ តែម្តង៕