(លីស្បោន)៖ ក្រុមរងជើងឯករដូវកាលមុន ហង្សក្រហម Liverpool បានកក់កៅអី១ ដើម្បីឡើងទៅប៉ះក្រុមយក្សអេស្ប៉ាញ FC Barcelona ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយបន្តយកឈ្នះក្រុមរបស់ព័រទុយហ្គាល់ FC Porto ក្នុងលទ្ធផល ៤-១ នៃជើងទី២ យប់មិញនេះទៀត។

ក្រុមដែលជាដៃគូរបស់ Real Madrid កាលពីរដូវកាលមុននៅ UEFA Champions League ដែលពួកគេបានចាញ់ ៣-១ នៅវគ្គផ្តាច់ព្រ័ត្រផងនោះ បានបន្តដាក់សម្ពាធ និងយកឈ្នះ ៤-១ ទៀតនៅទឹកដីរបស់ Porto ក្រៅពីបានយកឈ្នះ ២-០ កាលពីជើងទី១ នៅកីឡដ្ឋាន Anfield ក្នុងវគ្គ ៨ក្រុមចុងក្រោយដោយសរុបលទ្ធផលទាំងពីរជើង ក្រុមរបស់លោក Jurgen Klopp បានយកឈ្នះ ៦-១ ដើម្បីឡើងទៅប៉ះក្រុមជើងឯកអេស្ប៉ាញ Barcelona ក្នុងវគ្គ ៤ក្រុមចុងក្រោយដែលបានទម្លាក់ Manchester United ក្នុងលទ្ធផល ៤-០ ទាំងពីរជើង។

កីឡាករខ្សែប្រយុទ្ធជួរមុខទាំងបីរបស់ Liverpool រួមមាន Mohamed Salah, Sadio Mane និង Roberto Firmino សុទ្ធតែរួមចំណែករកបានម្នាក់ ១គ្រាប់ដូចគ្នា មុនពេលខ្សែការពារថ្លៃជាងគេ Virgil van Dijk ក៏រកបាន ១គ្រាប់ដែរនៅនាទីចុងម៉ោង និង១គ្រាប់របស់ក្រុមម្ចាស់ផ្ទះធ្វើបានសម្រេចដោយកីឡាករ Eder Militao នៅនាទី៦៩។

Liverpool នឹងធ្វើដំណើរទៅទឹកដីអេស្ប៉ាញសម្រាប់ជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនារាត្រីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ស្របពេល Spurs ស្វាគមន៍ក្រុមមកពីហូឡង់ Ajax នៅកីឡដ្ឋាន White Hart Lane នាម៉ោង ២រំលងអាធ្រាត្រដូចគ្នា៕