(ភ្នំពេញ)៖ អត្តពលិក ៤ប្រភេទកីឡា រួមមានកីឡាវ៉ូវីណាម ប៉េតង់ វាយកូនឃ្លីលើតុ និងកីឡាការ៉ាតេដូ បានទទួលរង្វាន់លើកទឹកចិត្តជាច្រើនពីរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែលប្រគល់ដោយលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានាល្ងាចថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩។

ការប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តនេះដែរ បន្ទាប់ពីប្រភេទកីឡាខាងលើដណ្ដើមបានមេដាយពីព្រឹត្តិការណ៍ចំនួន២ គឺការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន លើកទី១៩ ឆ្នាំ២០១៨ នៅប្រទេសមីយ៉ាន់ម៉ា និងការប្រកួតជ្រើសរើសជើងឯកកីឡាវ៉ូវីណាមអាស៊ី លើកទី៤ ឆ្នាំ២០១៨។ ទន្ទឹមជាមួយគ្នានេះ គេឃើញកីឡាករ-កីឡាការិនីបានសម្ដែងការសប្បាយចិត្ត និងថ្លែងអំណរគុណប្រមុខថ្នាក់ដឹកនាំជាខ្លាំង ចំពោះពេលវេលាល្អ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នាពេលដ៏ខ្លីខាងមុខ។

ទន្ទឹមជាមួយគ្នាលោក ស សុខា ក៏បានសម្ដែងការសាទរ និងអបអរសាទរដល់កីឡាករ-កីឡាការិនីដណ្ដើមបានជយលាភីផងដែរ ហើយបានជំរុញពួកគេត្រូវបន្ដការខិតខំហ្វឹកហាត់បន្ថែមទៀត មិនត្រូវភ្លេចខ្លួន ធ្វើឲ្យធ្លាក់ចុះសមត្ថភាពឡើយ។ រដ្ឋលេខាធិការក្រសួងអប់រំដដែល ក៏បានស្នើដល់កីឡាករ-កីឡាការិនី ត្រូវចេះថែរក្សាខ្លួន ថែសុខភាព និងបង្កើនការហ្វឹកហាត់ទ្វេដង ដើម្បីត្រៀមប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិកាន់តែច្រើនទៀត។

គួរបញ្ជកា់ថា ចំពោះការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានអាស៊ាន លើកទី១៩ កាលពីចុងឆ្នាំ២០១៨ នៅប្រទេសមីយ៉ាន់ម៉ា កម្ពុជាបានបញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនីសរុប ៧៧នាក់ លើ ៦ប្រភេទកីឡាទៅចូលរួម តែជាលទ្ធផលមានកីឡា ៤ប្រភេទដណ្ដើមបានមេដាយ រួមមានកីឡាវ៉ូវីណាម វាយកូនឃ្លីលើតុ ប៉េតង់ និងកីឡាការ៉ាតេដូ ដោយដណ្ដើមបានមេដាយសរុប ២៧គ្រឿង រួមមានមេដាយមាស៥ ប្រាក់១០ និងសំរឹទ្ធ១២គ្រឿង៕