(ភ្នំពេញ)៖ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sport) បានប្រកាសត្រៀមរៀបចំការប្រកួតជម្រុះថ្នាក់ជាតិ ដើម្បីចម្រាញ់រកក្រុមខ្លាំង ១ក្រុមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Mobile Legends: Bang Bang Southeast Asia Cup 2019 (MSC) នៅហ្វីលីពីន។

លោក លន់ សាមឌី អគ្គលេខាធិការសហព័ន្ធ E-Sport កម្ពុជា បានថ្លែងក្នុងសន្និសីទកាលពីថ្មីៗថា នេះគឺជាការប្រកួតលើវិញ្ញាសាថ្មីមួយជាមួយកម្មវិធី Mobile Legends: Bang Bang ដែលជាវិញ្ញាសាត្រូវប្រកួតលើទូរសព្ទដៃជាក្រុម ៥នាក់ ទល់នឹង ៥នាក់ បន្ទាប់មកក្រុមទទួលបានចំណាត់ថ្នាក់ល្អជាងគេ នឹងមានឱកាសចេញទៅប្រកួតពានរង្វាន់អន្ដរជាតិ Mobile Legends: Bang Bang Southeast Asia Cup 2019 នៅហ្វីលីពីន។

លោកបន្ដថា ការប្រកួតគ្រោងចាប់ផ្ដើមនាដើមខែឧសភាខាងមុខ តែគណៈកម្មការរៀបចំមានរយៈពេល ១៥ថ្ងៃសម្រាប់ក្រុមចុះឈ្មោះចូលរួម ចាប់ពីថ្ងៃទី១០-២៤ ខែមេសា ហើយសហព័ន្ធបើកទទួលក្រុមចូលរួមត្រឹម ១២៨ក្រុមប៉ុណ្ណោះ។ រីឯការប្រកួតនឹងចាប់ផ្ដើមធ្វើការប្រកួតជម្រុះតាម Online ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី១៨ ខែឧសភា ហើយក្រុមទទួលបានជ័យជម្នះ ទើបមានឱកាសឡើងប្រកួតជុំបន្ដ រហូតចម្រាញ់បានក្រុមខ្លាំង ១ក្រុមចុងក្រោយ។

លោកបន្ដថា ចំពោះក្រុមដណ្ដើមបានជយលាភីលេខ១ មិនត្រឹមតែមានឱកាសចេញទៅប្រកួតលើឆាកអន្ដរជាតិនោះទេ គឺថែមទាំងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៦,០០០ដុល្លារទៀតផង៕