(ភ្នំពេញ)៖ អតីត Freshie Boy លេខ១ ប្រចាំឆ្នាំ២០០៦ លោក ថៃ នរៈពិទូ ដែលគេចាំបានថា លោកធ្លាប់ជួបរឿងអាស្រូវជាប់ពន្ធធនាគារ ពាក់ព័ន្ធនឹងរឿងជួញដូរគ្រឿងញៀននោះ កាលពីថ្មីៗនេះ បានបង្ហើបឲ្យទស្សនិកជន ដឹងពីចេតនារបស់ខ្លួន មានបំណងវិលមកកាន់ការងារសិល្បៈជាថ្មី។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងរឿងនេះ ត្រូវបាន អ្នកដឹកនាំវ័យក្មេង របស់ផលិតកម្មថោន លោក ឃុន ធារិទ្ធ បានធ្វើការបង្ហើបប្រាប់ឲ្យដឹងកាន់តែច្បាស់ថា អតីតតារាសម្ដែង ធ្លាក់ទទួលរងនូវរឿងអាស្រូវគ្រឿងញៀនយ៉ាងធ្ងន់ធ្ងរ លោក ថៃ នរៈពិទូ ពិតជានឹងលេចមុខ ក្នុងសិល្បៈជាថ្មី ហើយនឹងត្រូវក្លាយជាតួឯក ក្នុងរឿងខ្លីរបស់ខ្លួន ដែលនឹងត្រៀមថត ក្រោយ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រួចរាល់ ។

ដោយលោក ឃុន ធារិទ្ធ ឬ Rith Omega បានឲ្យដឹងថា «មនុស្សមិនមែនជាទេវតា អ្នកណាមិនធ្លាប់ខុស សំខាន់ចេះកែប្រែ និងទទួលកំហុស ថ្ងៃថ្មីនៅតែរង់ចាំអ្នកជានិច្ច! ទូ នឹងក្លាយជាតួប្រុសក្នុង Short Film ខ្ញុំក្រោយនេះ ឆាប់ៗនេះនឹងចាប់ផ្តើមថតពេលចូលឆ្នាំហើយ។ Share មួយ បើបងប្អូនគាំទ្រនឹងចង់ឃើញគាត់ត្រឡប់មកកាន់សិល្បៈវិញ»

ជាមួយគ្នានេះ ប្រិយមិត្តទស្សនិកជន ក៏បង្ហាញនូវការលើកទឹកចិត្ត ដល់អតីតតារាសម្ដែងប្រុស លោក ថៃ នរៈពិទូ ជាពិសេសទោះបីជាលោក ធ្លាប់បានប្រព្រឹត្តខុសធ្ងន់ធ្ងរ ធ្វើឲ្យសង្គម ក៏ដូចជាប្រជាជន ស្ទើរមួយប្រទេស ស្អប់រូបលោក ដោយសារការជួយដូរ និងប្រើប្រាស់គ្រឿងញៀនក្ដី តែលោកក៏បានកែប្រែខ្លួនឯង និងទទួលកំហុសរបស់ខ្លួន ។ ដោយឡែកចំពោះការត្រឡប់ចូលសិល្បៈជាថ្មីនេះ គឺអ្នកគាំទ្រ ក៏បង្ហាញអារម្មណ៍រំភើប និងត្រេកអរ ដែលបានឃើញលោក ជាថ្មី ក្នុងសិល្បៈ បន្ទាប់ពីលោក បាត់មុខរាប់ឆ្នាំទៅហើយនេះ។

គួរបញ្ជាក់ថា លោក ថៃ នរៈពិទូ ធ្លាប់ជាតារាសម្ដែង មួយដួងដែលមានប្រជាប្រិយភាព និងមានការគាំទ្រខ្លាំងពីទស្សនិកជន ប៉ុន្តែប្រជាប្រិយភាពរបស់លោក ត្រូវបានដាំក្បាលចុះទៅវិញ និងអាប់ឱនកិត្តិយសយ៉ាងខ្លាំង បន្ទាប់ពីលោក បានញធ្វើការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ កាលពីដើមឆ្នាំ២០១៧ ៕