(ភ្នំពេញ)៖ កីឡាករ កែវ សុខផេង បានសម្ដែងការពេញចិត្តជាខ្លាំង ចំពោះលីគកំពូលកម្ពុជា នៅដើមរដូវកាលថ្មីនេះ ដែលក្លឹបមួយចំនួន បានបង្កើតឲ្យមានក្រុមអ្នកគាំទ្រផ្ទាល់ខ្លួន ដូចជាក្រុម Ultra Fan ជាដើម។ សុខផេង បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះសកម្មភាពមួយនេះដែលនឹងជំរុញវិស័យកីឡាបាល់ទាត់ជាតិឲ្យកាន់តែរីកចម្រើន។

ខ្សែប្រយុទ្ធជួរមុខរបស់ក្លឹបវិសាខារូបនេះបានឡើងថា នេះគឺជាសញ្ញាណវិជ្ជមានមួយ សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា ដែលកំពុងត្រូវការអ្នកគាំទ្រ ដើម្បីលើកទឹកចិត្តដល់កីឡាករ មិនថាក្លឹបវិសាខា ឬក្លឹបណាទេ គឺគ្រប់ក្លឹបទាំងអស់ ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ជាតិឲ្យមានការរីកចម្រើនកាន់តែឆាប់រហ័ស។ ហេតុនេះ សុខផេង បានអំពាវនាវអ្នកគាំទ្រចូលរួមឲ្យបានច្រើនកុះករថែមទៀតក្នុងលីគកំពូលកម្ពុជា។

ក្រឡេកមកចាប់អារម្មណ៍ក្លឹបមួយចំនួន ដែលមានអ្នកគាំទ្រផ្ទាល់វិញ បច្ចុប្បន្នគេឃើញមានក្លឹបធំៗមួយចំនួន ដែលបានបង្កើតជាក្រុមអ្នកគាំទ្រផ្លូវការ អមជាមួយឈ្មោះផ្សេងៗគ្នាទៀតផង ដួចជាក្លឹបភ្នំពេញក្រោន អ្នកគាំទ្រពួកគេមានឈ្មោះ The Red, ក្លឹបវិសាខា អ្នកគាំទ្រពួកគេមានឈ្មោះថា Ultra Fan Visakha, ក្លឹបអង្គរថាយហ្គឺរ អ្នកគាំទ្រពួកគេឈ្មោះ Army Tiger និងក្លឹបបឹងកេតជាដើម ហើយគេសង្ឃឹមថា សកម្មភាពមួយនេះ នឹងមានជារៀងរហូត ដើម្បីបាល់ទាត់ជាតិរីកចម្រើន៕