(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការប្រកួតបាន ៣សប្ដាហ៍ ការប្រកួតបាល់ទាត់ក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ នឹងសម្រាកមួយ ១សប្ដាហ៍ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនាពេលឆាប់ៗខាងមុខ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍មុនលីគសម្រាក គេឃើញក្រុមព្រះខ័នរាជស្វាយរៀងបានបង្កើតកំណត់ត្រាថ្មីមួយ ដោយឈ្នះ ៣ប្រកួតជាប់ៗគ្នា ដោយការពារសំណាញ់ទីមិនឲ្យរបូតគ្រាប់បាល់ ១គ្រាប់ឡើយ។

ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិអៀរឡង់ លោក Conor Nestor បច្ចុប្បន្នព្រះខ័នរាជស្វាយរៀងបានកាន់ ៩ពិន្ទុពេញ ដើម្បីឈរកំពូលតារាងសប្ដាហ៍ទី៣ ជាមួយនឹងជ័យជម្នះ ៣ប្រកួតផ្ទួនៗ រួមមានឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ២-០, ឈ្នះក្រុមម្ចាស់ផ្ទះសូលទីឡូអង្គរ ១-០ និងចុងក្រោយឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ២-០ ដោយមិនទាន់មានក្រុមណាអាចទម្លាយសំណាញ់ទីក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងនេះបាននោះទេ។

នេះគឺជាលទ្ធផលមួយដ៏ល្អ បើធៀបនឹងរដូវកាលមុន ដែលដឹកនាំដោយលោក Conor Nestor ដូចគ្នា ហើយលោកបានសម្ដែងការពេញចិត្តចំពោះកូនក្រុមដែរ តែមិនផ្ដោតលើការការពារមិនឲ្យរបូតគ្រាប់បាល់នោះទេ ផ្ទុយទៅវិញលោកបានលើកសរសើរកូនក្រុមជារួម ដែលបានធ្វើការងារខ្លាំងលើទីលាន ទើបជំរុញក្រុមឲ្យទទួលបានលទ្ធផលល្អ។ ដូច្នេះលោកសង្ឃឹមថា ប្រកួតបន្ទាប់ ព្រះខ័នរាជស្វាយរៀង នឹងបន្ដធ្វើបានកាន់តែល្អថែមទៀត ដើម្បីរក្សាកៅអីកំពូលតារាង។

សម្រាប់គូប្រកួតបន្ទាប់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមភ្នំពេញក្រោន នៅកីឡដ្ឋានខេត្តស្វាយរៀង នាថ្ងៃទី២១ ខែមេសាខាងមុខ ដែលជាការប្រកួតដ៏សំខាន់សម្រាប់ក្រុមចាស់វស្សាទាំងពីរ៕