(កូរ៉េ)៖ តារាចម្រៀងប្រុស សមាជិកក្រុម Wanna One គឺលោក Kang Daniel និង អ្នកគាំទ្រ បានរួមគ្នាបង្កើតមូលនិធី ដើម្បីបរិច្ចាគថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ជួយដល់ជនរងគ្រោះ ក្នុងគ្រោះមហន្ដរាយ ភ្លើងឆេះព្រៃ នៅតំបន់ Gangwon។

សមាគមន៍ជួយសង្រ្គោះគ្រោះមហន្ដរាយ (The Hope Bridge Disaster Relief Association) បានរាយការណ៍ថា តារាចម្រៀង Kang Daniel បានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន ៣០ លានវ៉ុន ឬប្រហែលនឹង ២៦ ០០០ ដុល្លារសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៨ ខែមេសា ដើម្បីជួយដល់ជនរងគ្រោះ នៃភ្លើងឆេះព្រៃ នៅតំបន់ Gangwon ហើយនេះមិនមែនជាលើកទី១ របស់លោកនោះទេ ដែលបានចូលរួមបរិច្ចាគ ដើម្បីបុព្វហេតុមនុស្សធម៌។ កាលពីមុន Daniel ក៏ធ្លាប់បានចូលរួមបរិច្ចាគជួយដល់ក្មេងពិការ ផងដែរ ដែលនេះជាទង្វើសប្បុរសធម៌ដ៏ប្រពៃ សម្រាប់តារាចម្រៀងរូបនេះ។

អ្នកគាំទ្រ របស់តារាចម្រៀង Kang Daniel ក៏បានចូលរួមនៅក្នុងការបរិច្ចាគ ដោយដាក់ឈ្មោះរបស់លោក កាលពីថ្ងៃទី ៥ ខែមេសា និង ថ្ងៃទី ៨ ខែមេសា ដោយមានអ្នកគាំទ្រចំនួន ៤០៤៦ នាក់ បានចូលរួមបរិច្ចាគ ដោយបានបង្កើតជាមូលនិធីដាក់ឈ្មោះរបស់ Kang Daniel ផងដែរ។

សរុបចំនួនទឹកប្រាក់ ទាំងអស់ គឺមានចំនួន 153,990,000 វ៉ុន ឬ ស្មើនឹង $134,821 ដុល្លារសហរដ្ឋអាមេរិក ដែលត្រូវបានរៃអង្គាសដោយអ្នកគាំទ្រ រួមជាមួយនឹងតារាចម្រៀង Daniel ហើយដាក់ឈ្មោះរបស់លោក (Daniel) ដើម្បីជួយអ្នកដែលរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃនៅ Gangwon ។

បច្ចុប្បន្ន Daniel មិនសូវបង្ហាញខ្លួនជាសាធារណៈនោះទេ ពោលគឺចប់ពីខែមករា មកម្ល៉េះ ដោយសារតែលោកជាប់កុងត្រាជាមួយនឹងផលិត LM Entertainment៕