(ភ្នំពេញ)៖ លោក Conor Nestor គ្រូបង្គោលក្លឹបព្រះខ័នរាជស្វាយរៀងបានអះអាងថា ពានរង្វាន់គ្រូល្អប្រចាំខែនៃក្របខណ្ឌលីគកំពូលកម្ពុជា មិនមែនជាសមិទ្ធផលខ្លួនតែម្នាក់ឯងឡើយ តែក៏ជាស្នាដៃរបស់ក្រុមការងារ និងកីឡាករទាំងអស់ដែរ។

គ្រូបង្វឹកជនជាតិបរទេសខាងលើនេះបានលម្អិតថា «ខ្ញុំពិតជារីករាយមែនទែនចំពោះការផ្ដល់នូវកិត្តិយសនេះ តែយ៉ាងណាក៏ដោយ ខ្ញុំយល់ថា មិនមែនតែគ្រូបង្វឹកម្នាក់ឯងទេដែលជួយឲ្យឈ្នះការប្រកួត តែកីឡាករទេដែលជាអ្នកបញ្ចេញស្នាដៃ។ ដូច្នេះ សមិទ្ធផលនេះគឺជារបស់ពួកគេ មិនមែនសម្រាប់ខ្ញុំទេ»

បុរសជនជាតិអៀរឡង់ Nestor សង្កត់ធ្ងន់ថា គ្រូបង្វឹកតែម្នាក់ឯងមិនអាចរ៉ាប់រងការងារទាំងអស់ទេ ដូច្នេះ ការឈ្នះពាន នេះគឺបានមកពីចំណែកសមាជិកគ្រប់ៗគ្នារបស់ក្លឹបព្រះខ័នរាជស្វាយរៀងតែម្តង។

ការប្រកួតកាលពីថ្ងៃអាទិត្យ ទី០៧ ខែមេសា ក្រុមដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង បានបន្តឈ្នះម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ២-០។ នេះក៏ជាលើកទី១ ដែលគណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បង្កើតពានរង្វាន់នេះឡើង ដើម្បីលើកទឹកចិត្តដល់គ្រូបង្វឹកប្រចាំខែ ទន្ទឹមគ្នានោះ លោក Conor Nestor ត្រូវ បានជ្រើសរើសជាគ្រូបង្វឹកល្អប្រចាំខែមីនា រដូវកាលឆ្នាំ២០១៩ ក្រោយដឹកនាំស្វាយរៀង ឈ្នះ២ប្រកួតដំបូង ដោយឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ និងសូលទីឡូអង្គរ ដោយមិនរបូតគ្រាប់បាល់សោះ៕