(ភ្នំពេញ)៖ ជុំវិញការប្រកួតទល់នឹងក្រុមវិសាខាកាលពីថ្ងៃអាទិត្យ ទី០៧ កីឡាករ សឿត បារាំង បានទទួលស្គាល់ថា ក្រុមរបស់ខ្លួនពិតជាលេងមិនសូវបានល្អនោះទេ សម្រាប់ប៉ុន្មាននាទីដំបូងនៃវគ្គទី១ ដែលជាមូលហេតុធ្វើឲ្យក្រុមភ្ញៀវនាំមុខមុនដល់ទៅ២គ្រាប់ក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ប្រចាំសប្តាហ៍ទី៣។

កីឡាករដែលលេងក្នុងតំណែងខ្សែការពាររូបនេះបាននិយាយថា «សម្រាប់ខ្ញុំ ខ្ញុំគិតថាការការពារជាក្រុមរបស់យើងនៅវគ្គទី១នោះគឺមិនសូវបានល្អ ហើយពួកយើងបានបណ្តោយឲ្យគូប្រកួតលេងស្រួលពេក មួយវិញទៀតនោះ គឺយើងលេងមិនដូចអ្វីដែលគ្រូចង់បាន»

អ្វីដែលសំខាន់ផងនោះ កីឡាករដែលមានប្រភពមកពីខេត្តសៀមរាបរូបនេះបានបញ្ជាក់ថា «ចូលដល់វគ្គទី២ បន្ទាប់ពីទទួលបានការណែនាំ និងជំរុញទឹកចិត្តរបស់គ្រូ ពួកយើងចាប់ផ្តើមប្រមូលអារម្មណ៍ឡើងវិញ ដោយពួកយើងបានខំប្រឹងដាក់សម្ពាធទៅខាងគេ ដើម្បីរកជ័យជំនះ តែលទ្ធផលវាមិនដូចអ្វីដែលយើងរំពឹងទុកនោះដដែល»

គួរដឹងដែរថា ក្រុមរបស់យើងនៅមានចំណុចមួយចំនួនដែលត្រូវកែតម្រូវ ជាពិសេសនៅតំបន់ការពារ ពួកយើងនឹងខិតខំហ្វឹកហាត់ ការការពារបន្ថែមទៀត ហើយសង្ឃឹមថាប្រកួតក្រោយៗ ពួកយើងនឹងធ្វើបានល្អ»។

លទ្ធផលបរាជ័យ ៣-១ ក្រោមថ្វីជើងរបស់ក្រុមជាប់ចំណាត់ថ្នាក់លេខ៣ កាលពីរដូវកាលមុន វិសាខា វាគឺជាចាញ់លើក ទី២ នៅក្នុងដីរបស់ខ្លួន ក្រោយចាប់ផ្តើមបាន ៣សប្តាហ៍ ដោយឈ្នះ១ដង និងចាញ់ ២ដងមិនដែលស្មើ ទើបរកបាន ៣ពិន្ទុនៅឡើយក្នុងនាមជាក្រុមដែលបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៥ នាឆ្នាំ២០១៨៕