(ក្រុងឡុងដ៍)៖ កីឡាករខ្សែបម្រើប្រយុទ្ធ Eden Hazard រកបាន ២គ្រាប់ជួយក្លឹបតោខៀវ Chelsea បំបាក់ក្រុមភ្ញៀវញញួរធំ West Ham United ២-០ ដើម្បីឡើងទៅឈរនៅលេខ៣ បណ្តោះអាសន្នវិញនៃតារាង Premier League គិតត្រឹមសប្តាហ៍ទី៣៣ ជើងទី២។

ការប្រកួតដែលបានធ្វើឡើងនៅកីឡដ្ឋាន Stamford Bridge ដែលស្ថិតក្នុងទីក្រុង London នារាត្រីថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០១៩ កីឡាករក្នុងក្រុមជម្រើសជាតិប៊ែលហ្ស៊ិក Eden Hazard ត្រូវបានគ្រូបង្វឹក Sari ដាក់ឲ្យចូលលេងជម្រើស ១១នាក់ដំបូងដោយបានចាប់ដៃគូជាមួយ Higuain និង Odoi សម្រាប់តំបន់ប្រយុទ្ធ និងរក បានគ្រាប់បែកពងមាន់នៅនាទី២៤ មុនពេលធ្វើបានសម្រេចគ្រាប់ទី២ នៅនាទី៩០។

២គ្រាប់បន្ថែមនេះដែរ Hazard រកបាន ១៦គ្រាប់ឲ្យ Chelsea នារដូវកាលថ្មីឆ្នាំ២០១៨-២០១៩ នៅ Premier League នាំមុខ ៣គ្រាប់ទៅលើកីឡាករខ្សែប្រយុទ្ធ Sergio Aguero របស់ក្លឹប Manchester City។

៣ពិន្ទុស្រួលៗក្នុងទឹកដីនាយប់មិញនេះ បានជួយឲ្យក្រុមជើងឯក FA Cup រដូវកាលមុនមួយនេះ រកបាន ៦៦ពិន្ទុឈរ នៅលេខរៀងទី៣ បណ្តោះអាសន្ន តាមពីក្រោយក្រុមលេខ២ Manchester City ១៤ពិន្ទុ ខណៈ Liverpool ឈរកំពូលតារាង ដោយមាន ៨២ពិន្ទុ៕