(ភ្នំពេញ)៖ កីឡាករ រ៉ឹង ប៊ុនហៀង និងមិត្តរួមក្រុម Dzarma Bata រកបានម្នាក់ ៣គ្រាប់ឲ្យក្លឹបបាល់ទាត់ក្រសួងការពារជាតិ គ្រាដែល រ៉ឹង ប៊ុនហៀង ជាកីឡាករខ្មែរដំបូងគេដែលបានទាត់បាល់បញ្ចូលទីចំនួន ៣គ្រាប់ម្នាក់ឯងក្នុងការប្រកួតសន្សំពិន្ទុសប្តាហ៍ទី៣ នៃក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ដោយបានជួយការពារជាតិ ឈ្នះខេត្តកំពង់ចាម ក្នុងលទ្ធផល ១១-០ នាទីលានស្តាតចាស់កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៩។

៣គ្រាប់របស់ ប៊ុនហៀង រកបាននៅនាទី៤៩ ៨៣ និងនាទី៨៨ ជាមួយកីឡាករ Dzarma Bata ក៏រកបាន ៣គ្រាប់ផងដែរនៅនាទី២២ ២៦ និងនាទី៦០ និងកីឡាករ Ugochukwo រកបាន ២គ្រាប់នៅនាទី៤៤ ៥៦ រីឯខ្សែប្រយុទ្ធ Bisan George រកបាន២គ្រាប់ នៅនាទី៧០ និងនាទី៧៧ ហើយ ណារ៉ុង កក្កដា រកបាននៅនាទី៨៤។

គួរបញ្ជាក់ផងថា សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុសប្តាហ៍ទី៣ នៃក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ក្លឹបព្រះខ័នរាជស្វាយរៀង បានបន្តឈរលើកំពូលតារាងបណ្តោះអាសន្ន ដោយមាន ៩ពិន្ទុ ក្រោយយកឈ្នះក្លឹប គីរីវង់សុខសែនជ័យ ២-០ គ្រាដែលការពារជាតិ បានឡើងមកឈរលេខរៀងទី២ ដោយមាន ៧ពិន្ទុបន្ទាប់ពីធ្វើការប្រកួតឈ្នះ ២ប្រកួត និងស្មើ១ដង៕