(ភ្នំពេញ)៖ ខណៈថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ខិតចូលមកដល់ គេហទំព័រយើងសូមនាំអារម្មណ៍ប្រិយមិត្តមកទទួលជ្រាប់ និងស្វែងយល់ពីទិដ្ឋភាពនានា ក្នុងថ្ងៃបុណ្យចូលឆ្នាំ ដែលប្រជាពលរដ្ឋខ្មែរ តែងតែធ្វើជារៀងរាល់ឆ្នាំ តាំងពីរយូរលង់ណាស់មកហើយ រហូតមកទល់នឹងបច្ចុប្បន្ននេះ។

ជាក់ស្តែង តាំងពីសម័យដូនតាខ្មែរ រហូតមកទល់នឹងបច្ចុប្បន្ននេះ ពេលថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចូលមកដល់ គ្រប់ទីវត្តអារាម មានស្នូរស្គររគាំងសំឡេងធម៌ពរជ័យ លាន់ឮ រន្ទឺអឺងកង និងក្នុងភូមិប្រជាជននាំគ្នារៀបចំកន្លែងមួយ រួចនិមន្តព្រះសង្ឃមកភ្លើងទៀនឆេះព្រោងព្រាត ផ្សែងធូបហុយចេញពីគ្រប់រានទេវតា តាមដងផ្លូវមុខផ្ទះសំបែង និងទីវត្តអារាម។ ចាស់ទុំ ក្រមុំកំលោះ ក្មេងក្មាងតូចធំ ប្រដាប់ប្រដាដោយសន្លៀកបំពាក់ស្អាតៗ ចេញមកទទួលទេវតាឆ្នាំថ្មី។ ម្នាក់ៗមានទឹកមុខស្រស់ស្រាយ រំភើបក្រៃលែង ក្រមុំកំលោះ ក្មេងៗសប្បាយក្អាកក្អាយជាងគេ ព្រោះជាឱកាសដ៏ពិសេសបំផុត សម្រាប់ពួកគេចូលឆ្នាំថ្មី ដើម្បីកម្សាន្តលេងល្បែកប្រជាប្រិយជាមួយគ្នា ដោយគ្មានចាស់ទុំណាម្នាក់ឃាំងឃាត់អ្វីឡើយ។

ពេលព្រលប់ ប្រជាជនខ្មែរនាំគ្នាទៅស្តាប់ធម៌អាថ៌ ជាការផ្តុំនូវកុសលសសម្រាប់ជីវិតជាងនេះ និងជាតិខាងមុខ រួចមកក៏នាំគ្នាគ្នាលេងល្បែងប្រជាប្រិយ ចាប់កូនខ្លែង លាក់កន្សែង ក្រុងកូនមាន់ ទាញព្រ័ត្រ ឬច្រៀង ចម្រៀងប្រពៃណី ឬលេងស្តេចចង់ ចោលឈូងបោះអង្គញ់ លោកអន្ទាក់ រាំរែក ប្រកបដោយភាពសប្បាយរីករាយ។ ទោះបីជាយ៉ាងណា គេពុំភ្លេចរៀបចំចង្ហាន់ ទៅប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុលសជូនបុព្វការីជនញាតិសន្តាន ដែលបានចែកឋានទៅកាន់បរលោកហើយនោះទេ។ លើសពីនេះ គេនាំគ្នាជញ្ចូនដី ដាក់វត្តពូនភ្នំខ្សាច់ និងស្រង់ព្រះពុទ្ធរូប ព្រះសង្ឃចាស់ៗ ព្រឹទ្ធាចារ្យ និងពេលត្រឡប់មកផ្ទះវិញ គេអញ្ជើញមាតាបិតា ចាស់ទុំ មកផ្ងូតទឹក ហើយជូនស្លៀកបំពាក់ថ្មីៗ នំចំណី ដើម្បីតបស្នងសងគុណចំពោះបុព្វការីជនរបស់គេ។ ជាទម្លាប់ដល់ថ្ងៃឆ្លងបុណ្យ គេពិនិត្យមើលតាមក្រោមម្លប់ឈើធំៗ មានល្បែងប្រជាប្រិយផ្សេងៗ តាមចំណង់ចំណូលចិត្តរៀងៗខ្លួន អ្នកខ្លះទៀតគេនាំគ្នា ទៅទស្សនាកម្សាន្ត ប្រាសាទបុរាណ និងរមនីយដ្ឋាន គោរពបូជាវត្ថុស័ក្តិសិទ្ធិភ្ជាប់បរិយាការរីករាយ។

ទន្ទឹមគ្នានេះ ពេលចូលឆ្នាំថ្មីម្តងៗ ប្រជាពលរដ្ឋខ្មែរ មិនមែនសប្បាយត្រឹមតែរយៈពេល ៣ថ្ងៃប៉ុណ្ណោះទេ តែគេចាប់លេងសប្បាយរបៀបនេះមុននឹងក្រោយថ្ងៃចូលឆ្នាំ ប៉ុន្មានថ្ងៃទៀតផង ហើយគេនាំគ្នាធ្វើបុណ្យកុសល ឱ្យអស់ចិត្តសប្បាយ ដើម្បីអបអរសាទរចំពោះជីវិតថ្មីរបស់គេ ដែលបានហែលឆ្លងកាត់ ឧបសគ្គទទួលជោគជ័យក្នុងរយៈពេលឆ្នាំចាស់កន្លងទៅ និងដើម្បីត្រៀមចាំទទួលភារកិច្ចថ្មីក្នុងឆ្នាំថ្មី។

ខាងក្រោមនេះគឺជាទិដ្ឋភាពនានា ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ៖