(ភ្នំពេញ)៖ កីឡាករប្រដាល់កម្ពុជា ឡៅ ចន្រ្ទា បានប្រើពេលតែ ១ទឹកប៉ុណ្ណោះ ដើម្បីផ្តួលកីឡាករថៃ កេតកាត ឲ្យបោះបង់ការប្រកួតនៃការប្រកួតក្នុងជុំទី២ ក្នុងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់ខារ៉ាបាវ នាថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩។

ដូចគ្នានោះដែរ មិត្តរួមជាតិកីឡាករ ខាំ ផានី បានប្រកួតចាញ់កីឡាករថៃ ក្រៀងក្រៃ ទៅវិញនៅសង្វៀន បាយ័នស្ទឹងមានជ័យ ដែលជាការប្រកួតសន្សំពិន្ទុក្នុងជុំទី២ របស់ពួកគេ។

ការប្រកួតយ៉ាងស្វិតស្វាញរវាងកីឡាករ ឡៅ ចន្ទ្រា និងកីឡាករថៃ កេងកាត បានត្រឹមតែ១ទឹកប៉ុណ្ណោះ ដោយអ្នកប្រយុទ្ធគុនខ្មែរ ឡៅ ចន្ទ្រា បានទាត់ជើងគូប្រជែង កេងកាត រហូតធ្វើឲ្យកីឡាករថៃរូបនេះដួល ហើយមិនអាចបន្តការប្រកួតទៀតបាន ក៏បោះបង់ដែលធ្វើឲ្យកីឡាករកម្ពុជាទទួលបាន ៣ពិន្ទុបន្ថែម និងមាន ៦ពិន្ទុដើម្បីឈានទៅការប្រកួតបន្ត។

ឡៅ ចន្រ្ទា នឹងត្រូវប៉ះកីឡាករថៃមួយរូបទៀតគឺ ខ្លាឃុនសឹក ស្របពេលកីឡាករ ពុទ្ធ ឆាយរិទ្ធី ត្រូវជួបកីឡាករថៃដូចគ្នា កេងកាត ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ៕