(ក្រុងម៉ូនិច)៖ ក្រុមការពារតំណែងជើង Bayern Munich ត្រូវការឈ្នះក្រុមភ្ញៀវ Borussia Dortmund រាត្រីថ្ងៃសៅរ៍នេះ ដើម្បីវិលទៅកាន់កំពូលតារាងវិញ ខណៈពួកគេមាន ៦១ពិន្ទុឈរនៅលេខ២ ចាញ់គូប្រជែង Dortmund ២ពិន្ទុ គិតត្រឹមសប្តាហ៍ទី២៧ ជើងទី២។

ក្រុមដែលបានជ្រុះចេញពីពានរង្វាន់ UEFA Champions League ក្នុងវគ្គ ១៦ក្រុមក្រោមថ្វីជើងរបស់ Liverpool មួយនេះ បានធ្លាក់មកឈរនៅលេខ២ វិញ បន្ទាប់ពីប្រកួតស្មើជាមួយក្រុមម្ចាស់ផ្ទះ Freigurg ស្របពេល Dortmund បានបំបាក់ក្រុមភ្ញៀវ Wolfsburg ២-០។

ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹក Niko Kovac កំពុងសំលឹងរកការឈ្នះពាន ២របស់អាល្លឹម៉ង់ក្នុងរដូវកាលឆ្នាំ២០១៨-២០១៩នេះ បន្ទាប់ពីពួកគេបានឈានដល់វគ្គ ៤ក្រុមចុងក្រោយនៃពាន German Cup ដោយបានទម្លាក់ក្រុមលេងនៅលីគទី២ Heidenheim កាលពីកន្លះខែមុន ដោយនៅសល់ ៦ប្រកួតទៀតសម្រាប់ក្រុមជើងឯក Bundesliga ២៨សម័យកាលច្រើនជាងគេនេះ ត្រូវប្រជែងជាមួយ Borussia Dortmund ដែលមានកីឡាករសំខាន់ Paco Alcacer ដែលរកបាន ១៦គ្រាប់ក្នុងចំណោម ២១ប្រកួត។

យ៉ាងណាមិញ កីឡាករអន្តរជាតិប៉ូឡូញ Robert Lewandowski ក៏នៅតែជាតួអង្គសំខាន់សម្រាប់ Bayern Munich ក្នងរាត្រីនេះ ដោយរូបគេរកបាន ១៩គ្រាប់ ពីការចូលលេងបាន ២៦ប្រកួតច្រើនជាងគេក្នុងក្លឹប៕