(ភ្នំពេញ)៖ ក្រោយពីបទចម្រៀងមួយបទ របស់តារាចម្រៀងនៅក្នុងផលិតកម្មថោន លោក ម៉ៅ ហាជី មានចំណងជើងថា «ភ្ជុំបិណ្ឌនឹកស្រុក» ត្រូវបានរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានស្នើទៅ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឲ្យចាត់វិធានការផ្អាកការចាក់ផ្សាយមួយរយៈធំមក នៅពេលនេះ ក្រសួងព័ត៌មាន បានចេញលិខិតប្រកាសអនុញ្ញាត ឲ្យ បន្តការចាក់ ផ្សាយ ឡើងវិញហើយ ដោយគោរពតាមណែនាំអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

យោងតាមលិខិតប្រកាសអនុញ្ញាត របស់ក្រសួងព័ត៌មាន ចុះថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០១៩ បានបញ្ជាក់ថា ដោយយោងតាមអនុសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ កម្ពុជា នាថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៩ នៅក្នុងពិធីជួបសំណេះសំណាល ជាមួយនឹងបងប្អូន កម្មករនិយោជិត នៅខេត្តពោធិ៍សាត់ ក្រសួងព័ត៌មាន អនុញ្ញាតឲ្យស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចាប់ផ្ដើមការចាក់ផ្សាយ ឡើងវិញ នូវបទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» របស់លោក ម៉ៅ ហាជី ដែលស្ថិតនៅក្នុងផលិតកម្មថោន Vol 122។

គួររំលឹកផងដែរថា កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០១៨ រដ្ឋមន្ត្រីក្រសួងការងា បានស្នើដល់ក្រសួងព័ត៌មាន ធ្វើការសម្រេចការផ្អាក មិនឲ្យមានការចាក់ផ្សាយ បទចម្រៀង «ភ្ជុំបិណ្ឌនឹកស្រុក» របស់លោក ម៉ៅ ហាជី លោករដ្ឋមន្រ្តីក្រសួងការងារ បានលើកឡើងថា បទចម្រៀងមួយបទនេះ បានធ្វើឲ្យប៉ះពាល់ ខ្លាំង ដល់គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសផ្ទុយទាំងស្រុង នូវអ្វីដែលប្រមុខរាជរដ្ឋាភិបាល បាន និងកំពុងផ្តោតការយកចិត្តទុកដាក់ និងផ្តល់កិច្ចគាំពារដល់កម្មករ-និយោជិត៕