(ភ្នំពេញ)៖ មិនខុសពីសព្វមួយដងឡើយ ជារៀងរាល់ឆ្នាំ កម្មវិធីបុណ្យភូមិដែលតែងតែធ្វើឡើង ក្នុងខែមេសា គៀកនឹងពិធីបុណ្យ​ចូលឆ្នាំប្រពៃណីជាតិខ្មែរ ដោយបុណ្យនេះ គឺមានការប្រគំតន្រ្តី លេងល្បែងប្រជាប្រិយខ្មែរ ស្ទើរគ្រប់ទម្រង់។ អ្វីដែលពិសេសនោះ គឺពីមួយឆ្នាំទៅមួយឆ្នាំ ចម្រៀងបុណ្យភូមិ ត្រូវបានផ្លាស់ប្តូរជានិច្ច ខណៈឆ្នាំនេះចម្រៀងបុណ្យភូមិ មានចំណងជើងថា «ចាប៉ីបុណ្យភូមិ» ប្រកបដោយអត្ថន័យ និងគុណតម្លៃរបស់សិល្បៈ ព្រោះបានរួមបញ្ចូល ជាមួយឧបករណ៍ភ្លេងខ្មែរ ជាច្រើន ពិសេស គឺទម្រង់សិល្បៈចាប៉ីខ្មែរថែមទៀត ត្រូវបានបញ្ចេញជាផ្លូវការហើយ។

ជាការពិតណាស់ បន្ទាប់ប្រិយមិត្តទស្សនិកជន ពិសេសមិត្តយុវវ័យ ទន្ទឹងរង់ចាំយ៉ាងអន្ទះសារ នូវបទចម្រៀងពេលសម្រាប់កម្មវិធីបុណ្យភូមិ ខណៈដែលឆ្នាំកន្លងទៅ ចម្រៀងបុណ្យភូមិ គឺមានចំណងជើងថា «ឆឺតៗ បុណ្យភូមិ» ដោយឡែក សម្រាប់ចម្រៀងបុណ្យភូមិ ប្រចាំ២០១៩នេះ ក៏បានបញ្ចេញជាផ្លូវការហើយ មាន ចំណង ជើងថា «ចាប៉ីបុណ្យភូមិ» ជាការច្រៀង រួមគ្នា ដោយក្រុមតូច «Small World Small Band» កំពុងតែមានការនិយមខ្លាំង ពីទស្សនិកជន។

នៅក្នុងបទចម្រៀងបុណ្យភូមិ ឆ្នាំ២០១៨នេះ គឺមានបញ្ចូលចង្វាក់ ប្រពៃណីខ្មែរជាច្រើន ជាពិសេសនោះ គឺការលើកយកនូវឧបករណ៍ភ្លេងបុរាណរបស់ ខ្មែរយើង ដែលមានតាំងពី យូរយារណាស់មកហើយ ដែលដូនតាខ្មែរយើង បានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ គោរពថែរក្សា និងឲ្យតម្លៃ គឺ ចាប៉ីដងវែង ខណៈដែលបទចម្រៀងនេះ ស្តាប់ហើយពិតជា ពីរោះទាក់ចិត្តតែម្ដង។

មានការបង្ហើបឲ្យដឹងមកថា បទចម្រៀងបុណ្យភូមិឆ្នាំ២០១៩ នេះ នឹងមានរហូតដល់ទៅ២បទ ព្រោះថាឆ្នាំនេះ ការរៀបចំកម្មវិធីបុណ្យភូមិនោះឡើង ធំជាងឆ្នាំមុនៗ និងមានរយៈពេល ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃ ០៥-០៦-០៧ ខែមេសា ឆ្នាំ២០១៩ ដែលទីតាំងធ្វើកម្មវិធីបុណ្យភូមិនេះឡើង គឺស្ថិតនៅវត្តព្រះធាតុ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ។

តោះចង់ដឹងថា បទចម្រៀងនេះល្អមើល និងពីរោះយ៉ាងណានោះ សូមប្រិយមិត្តទស្សនិកជន ចូលរួមទស្សនាវីដេអូខាងក្រោម៖