(ភ្នំពេញ)៖ តាមការបញ្ជាក់ពីគ្រូពេទ្យប្រចាំក្លឹបបឹងកេតអែហ្វស៊ី បានឱ្យដឹងពីស្ថានភាពរបួសរបស់កីឡាករទាំង ៥រូប ក្រោយត្រឡប់មកពីធ្វើការព្យាបាល និងតាមដានរបួសនៅប្រទេសវៀតណាមកន្លងមកនេះ។

ក្នុងរដូវកាលថ្មីឆ្នាំ២០១៩ នេះ កីឡាកររបស់បឹងកេត ៥រូបកំពុងជួបនឹងបញ្ហារបួសរួមមាន គឹម មករា (ចាំទី) លី វ៉ាហេទ (ខ្សែការពារ) ពុំ បារាំង (ខ្សែការពារ) ម៉ែន មុន្នីរ៉ា (ខ្សែការពារ) និងកីឡាករ ម៉ាត់ នូរុណ (ខ្សែប្រយុទ្ធ) ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាល​យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យរបស់ក្លឹប។

១៖ លី វ៉ាហេទ៖ រលាកសរសៃប្រសាទគូទី៧ (Facial nerve) នៃផ្ទៃមុខ ត្រូវការសម្រាក ១ខែ ដើម្បីព្យាបាលសរសៃមុខឱ្យត្រឡប់មកធម្មតាវិញ ខណៈនៅសល់ ៣០% ទៀតជាសះស្បើយ។

២៖ ម៉ែន មុន្នីរ័ត្ន៖ អាចធ្វើចលនាតិចៗដើរបាន ក្រោយការវះកាត់ដោយមិនប្រើឈើច្រត់ ហើយត្រូវពិនិត្យអាការៈឡើងវិញនៅខែមិថុនាឆ្នាំនេះ។

៣៖ ម៉ាត់ នូរុណ៖ ជង្គង់មានអាការៈប្រសើរឡើង ក្រោយការវះកាត់ និងអាចដើរបានដោយមិនប្រើឈើច្រត់ ប៉ុន្តែត្រូវការពេលសម្រាកច្រើន ព្រោះទើបវះកាត់បាន ១ខែ ខណៈនឹងត្រូវពិនិត្យអាការៈឡើងវិញ នៅខែមិថុនា ខាងមុខដូចគ្នា។

៤៖ ពុំ បារាំង៖ បានបញ្ចប់ការព្យាបាលដោយចាក់ថ្នាំ លើកទី៣ ត្រូវការសម្រាក៣ ទៅ ៥ថ្ងៃ អាចចូលហ្វឹកហាត់វិញបាន។

៥៖ គឹម មករា៖ បានឆ្លងកាត់ការវះជង្គង់ ២ខែហើយ មានសភាពល្អអាចធ្វើលំហាត់ប្រាណ សម្រាប់បង្កើនសាច់ដុំភ្លៅមុខក្រោយបានធម្មតាវិញ និងត្រូវពិនិត្យម្តងទៀតនៅខែមិថុនាខាងមុខ៕