(ប៉ារីស)៖ ក្លឹបអ្នកមានបារាំង Paris Saint-Germain បានប្រកាសថាហ៊ានឲ្យប្រាក់ពលកម្ម ៤០ម៉ឹនផោនក្នុង១សប្តាហ៍ សម្រាប់កីឡាករចាំទី David De Gea ក្រោយពេលលឺដំណឹងថា អ្នកចាំទីដៃទីក្នុងក្រុមជម្រើសជាតិអេស្ប៉ាញមួយនេះ បដិសេធកិច្ចសន្យាថ្មីជាមួយក្លឹបអង់គ្លេស បិសាចក្រហម Manchester United នាពេលថ្មីៗនេះ។

ក្លឹបជើងឯក Ligue 1 បានក្លាយជាគូប្រជែងដ៏សំខាន់ជាមួយក្លឹបយក្សអេស្ប៉ាញ Real Madrid ខណៈក្រុមជើងឯក UEFA Champions League ៣សម័យកាលចុងក្រោយនេះចិញ្ចឹមចិត្តចង់បាន De Gea ជាយូរមកហើយ តែ Man Utd មិនព្រមលក់ ក៏ដូចជាបំណងរបស់អ្នកចាំទីទៀតផង។

កិច្ចសន្យាចាស់របស់ David De Gea នៅទឹកដី Old Trafford នឹងផុតកំណត់ក្នុងរយៈពេល ១៨ខែទៀត ពោលគឺក្រោយបញ្ចប់រដូវកាលឆ្នាំ២០១៩-២០២០ ខាងមុខ តែរូបគេមិនបានព្រមព្រៀងចុះកិច្ចសន្យាថ្មីនៅឡើយទេ បើទោះបី ជា Man Utd ហ៊ានឲ្យ ៣៥ម៉ឺនផោនក្នុង១សប្តាហ៍ក៏ដោយ។

David De Gea ជាកីឡាករទទួលប្រាក់ពលកម្មច្រើនជាងគេឈរនៅលំដាប់ទី២ ក្នុងក្លឹបបិសាចក្រហម Manchester United បន្ទាប់ពីមិត្តរួមក្រុម កីឡាករខ្សែប្រយុទ្ធសញ្ជាតិឈីលី Alexis Sanchez ដែលទទួលបាន ៥០៥០០០ផោន ក្នុង១សប្តាហ៍ ក្រោយទិញពីក្លឹបកាំភ្លើងធំ Arsenal៕