(ភ្នំពេញ)៖ ក្នុងនាមជាតារាសម្ដែង និងជាពិធីការិនីដ៏ល្បីមួយដួង ប្រចាំ ប្រទេសកម្ពុជា អ្នកនាង សុខ សោម៉ាវត្តី មានសម្ដែងក្ដីរំភើបឥតឧបមា នៅពេលដឹងថា ប្រមុខនៃរាជរដ្ឋាភិបាលនៃកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាសាធារណៈ ស្ដីពីការពន្យាពេល​បង់ពន្ធលើវិស័យភាពយន្ត បន្ទាប់ពីមានការស្នើសុំយ៉ាងទទូច ពីសំណាក់ផលិតករ ដើម្បីបើកឱកាសឲ្យផលិតករ មានទឹកចិត្តផលិតភាពយន្ត កាន់តែច្រើនឡើងតម្រូវតាមទីផ្សារ ដែលកំពុងខ្វះខាត។

តារាសម្ដែង សុខ សោម៉ាវត្តី បានលើកឡើងថា ការប្រកាសបែបនេះរបស់សម្ដេចតេជោ ហ៊ុន សែន គឺជាកម្លាំងចលករមួយយ៉ាងខ្លាំងក្លា និងជាការលើកទឹកចិត្តដល់ផលិតករ គ្រប់រូបឲ្យខិតខំប្រឹងប្រែង ផលិតភាពយន្តកាន់តែច្រើនឡើង និងពោរពេញដោយគុណភាព ឈានទៅរកការរីកចម្រើនខ្លាំង ដូចបណ្ដាប្រទេសនានា។

ការថ្លែងឡើងរបស់តារាសម្ដែង សុខ សោម៉ាវត្តី គឺត្រូវបានធ្វើឡើងក្នុងឱកាសដែលនាង បានអញ្ជើញ ចូលរួមក្នុងពីធីបើកសម្ពោធរឿងខ្នាតធំមួយ មានចំណងជើងថា «ក្មេងទី៦» នៅរោងភាពយន្តលេជេន អេដិន បឹងកក់ កាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩នេះ ខណៈដែលនាងទទួលបានតំណែងជាតួឯក ក្នុងខ្សែភាពយន្តនេះ។ សុខ សោម៉ាវត្តី បានលើកឡើងបន្តថា នាងពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលសម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការយកចិត្តទុកដាក់ លើវិស័យភាពយន្តខ្មែរ និងអ្នកសិល្បៈទាំងអស់។ «ខ្ញុំគិតថា នេះជាដំណឹងដ៏ល្អមែនទែន ដល់ផលិតករ ក៏ដូចជាតារាសម្ដែងទូទៅ ហើយខ្ញុំពិតជាសប្បាយចិត្តខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំកំពូលរបស់ប្រទេស បានគិតគូដល់វិស័យភាពយន្តនេះ។ ការមិនយកពន្ធលើវិស័យភាពយន្ត ពីសំណាក់រាជរដ្ឋាភិបាល គឺជាការកាន់បន្ថយការចំណាយ ដ៏ធំមួយរបស់ផលិតករ និងតារាសម្ដែង ហើយជាការលើកទឹកចិត្តឲ្យផលិតករមានទឹកមាត់ (ក្ដីសង្ឃឹម) នៅក្នុងការបន្តដំណើរផលិតភាពយន្ត ទៅមុខទៀត កាន់តែមានគុណភាព និងច្រើនឡើងៗ»

តារាសម្ដែងដែលតែងតែទទួលបាន តំណែងជាតួឯកស្ទើរតែគ្រប់រឿងទាំងអស់ អ្នកនាង សុខ សោម៉ាវត្តី បានសង្កត់ធ្ងន់ទៀតថា ជាការពិតដូចអ្វីដែលនាងធ្លាប់និយាយដដែលៗ នៅពេលដែលរាជរដ្ឋាភិបាល មិនយកពន្ធលើវិស័យភាពយន្ត គឺជាសញ្ញាមួយបង្ហាញថា វិស័យភាពយន្តនឹងរីកចម្រើនខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ខណៈផលិតករ ក៏មានទឹកចិត្តក្នុងការផលិត ទាំងរឿងភាគដាក់បញ្ចាំងលើទូរទស្សន៍ និងរោងភាពយន្តនានា ដើម្បីបំពេញតម្រូវការភាពយន្ត ដែលនៅតែខ្វះខាតនៅលើទីផ្សារ។

ក្នុងនាមជាតារាសម្ដែងម្នាក់ សុខ សោម៉ាវត្តី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ដល់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា គឺសម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចតែងតែគិតគូ ដល់វិស័យភាពយន្ត និងអ្នកសិល្បៈ លើការបន្តអនុគ្រោះពន្ធបន្ថែមទៀត ទោះបីសម្ដេចមានភារកិច្ចរវល់ខ្លាំង នឹងការងារប្រទេសជាតិក្ដី។

សូមបញ្ជាក់ថា រឿង «ក្មេងទី៦» គឺជាខ្សែភាពយន្តទី២ បន្ទាប់ពីរឿង «ជួយអូនផង» ដែលផលិតដោយ ផលិតកម្ម Clip Media។ រឿង «ក្មេងទី៦» នឹងចាក់បញ្ចាំងជូនប្រិយមិត្តបាន ទស្សនាចាប់ពីថ្ងៃទី ៤ ខែមេសា ២០១៩ នេះតទៅ នៅ គ្រប់ រោង ភាពយន្ត ធំ ៗ ទាំងអស់៕