(ភ្នំពេញ)៖ តួឯកស្រីក្នុង រឿង «Friend Zone» និងអ្នកដឹកនាំសម្ដែងក្នុងរឿងនេះដោយផ្ទាល់ គឺ កញ្ញា Baifern បានមកប្រទេសកម្ពុជា ដើម្បីជួបជុំអ្នកគាំទ្រ កាលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ថ្មីនេះ នៅរោងភាពយន្ត Prime CINIPLEX ផ្សារទំនើបសុវណ្ណា ក្នុងន័យបង្ហាញពីភាពស្និទ្ធស្នាល រវាងអ្នកគាំទ្រ និងតារាសម្ដែង ហើយក៏ជាឱកាសផ្ដិតយក រូបភាពជាមួយ តារាក្នុងដួងចិត្តរបស់ពួកគេ ផងដែរ។ លើសពីការរំពឹងទុក វត្តមានរបស់តារាថៃរូបនេះ គឺទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ អ្នកគាំទ្រជនជាតិខ្មែរ ដែលធ្វើឱ្យតារាស្រីដួងនេះ ញញឹមបិទមាត់មិនជិតតែម្តង។

តាមការកត់សម្គាល់ កាលពីម្សិលមិញនេះ កញ្ញា Baifern Pimchanok បានមកដល់អកាសយន្តដ្ឋានអន្តរជាតិភ្នំពេញ នៅវេលាម៉ោង ៩៖៣០ ព្រឹក។ ជាមួយនឹងការមកប្រទេសកម្ពុជាពីសំណាក់ តួឯកស្រី Baifern នេះ មានទស្សនិកជនខ្មែរជាច្រើន នាំគ្នាឈររងចាំនាងនៅព្រលានយន្តហោះ ដើម្បីស្វាគមន៍ការមកកម្ពុជាជាលើកដំបូងនេះ។ ខណៈការមកកម្ពុជានេះទៀតសោត គឺដើម្បីផ្សព្វផ្សាយខ្សែភាពយន្តរបស់នាង ដែលមានចំណងជើងថា «Friend Zone» ដែលចាប់ផ្តើមដាក់បញ្ចាំងក្នុងរោងកុនកម្ពុជា តាំងពីថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០១៩ មកម្ល៉េះ។

កញ្ញា Baifern មើលទៅពិតជាស្រស់ស្អាតយ៉ាងខ្លាំង ជាមួយនឹងការតុបតែងខ្លួនបែបសាមញ្ញៗ ក្នុងសម្លៀកបំពាក់ខោខូវប៊យ និងអាវពណ៌ខៀវចាស់។ លើសពីនេះ គឺមានពាក់នូវខ្សែក្រវាត់ស្បែកធំ មានម៉ាក់អក្សរ DG តម្លៃ ១,0៥0 ដុល្លារ និងកាបូបម៉ាក់ GG តម្លៃ ២,៤៩០ ដុល្លារទៀតផង។

គួរជម្រាប់ថា រសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ តារាស្រីដួងនេះ បានផ្តល់បទសម្ភាសន៍ជាមួយកាសែតល្បីៗជាច្រើននៅប្រទេសកម្ពុជា។ បន្ទាប់មកនាងបានបង្ហាញវត្តមានជួបផ្ទាល់ និងសួរសុខទុក ដើម្បីបង្កើតភាពស្និតស្នាលជាមួយអ្នកគាំទ្រកម្ពុជា នៅរោងភាពយន្តចំនួន៣ ក្នុងនោះរួមមាន Prime Cineplex ផ្សាវសុវណ្ណា, Legend Cinema at Eden Garden និង Major Cineplex by Smart at AEON 2៕