(ភ្នំពេញ)៖ កញ្ញា សុខ ចិន្តា ហៅ វ៉ាន់ នីឡា ដែលត្រូវបានគេស្គាល់ថា ជាប្អូនស្រីបង្កើតរបស់លោក សុខ ជំនោរ នឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កញ្ញានឹងមកបង្ហាញនូវរឿងរ៉ាវចម្រូងចម្រាសនានា ជុំវិញសំណុំរឿងជនជាប់ចោទ គុយ សិទ្ធិសក្តិ អំពីរឿងចែកចាយរូបភាពអាសអាភាសរបស់នាង ខណៈបញ្ហានេះបានអូសបន្លាយជាច្រើនខែឆ្នាំមកហើយ ហើយមកទល់នឹងបច្ចុប្បន្ន វ៉ាន់ នីឡា ហាក់មិនទាន់ទទួលបានយុត្តិធម៌ពេញលេញនៅឡើយទេ។ មិនតែប៉ុណ្ណោះ តារាស្រីរូបនេះក៏នឹងប្រកាសពីអាថ៌កំបាំងនានាឱ្យមហាជន ក៏ដូចជាអ្នកពាក់ព័ន្ធក្នុងរឿងក្តីនាងបានដឹង ដើម្បីជាការពន្លឿន ជួយឱ្យនាងឆាប់ទទួលយុតិ្តធម៌ផងដែរ។

ជាការគត់សម្គាល់ កញ្ញា វ៉ាន់ នីឡា បច្ចុប្បន្នមិនមានវត្តមានអ្វីញឹកញាប់ក្នុងការងារសិល្បៈ ដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ ពោលចាប់តាំងពីមានរឿងរ៉ាវចម្រូងចម្រាសរវាងនាង និងអតីតគូដណ្តឹង លោក គុយ សិទ្ធិសក្កិ មក គឺអវត្តមានពីសិល្បៈតែម្តង។ បច្ចុប្បន្នតារាស្រីរូបនេះ នៅតែចិញ្ចឹមចិត្ត ចង់បានពន្លឺយុត្តិធម៌ ព្រោះរហូតមកទល់ នឹងពេលនេះ រឿងក្តីរបស់នាង នៅតែមិនទាន់មានការសម្រេចណាមួយ សមស្របនឹងអ្វីដែលនាងចង់បាននៅឡើយ។

យ៉ាងណាមិញ រាល់ចម្ងល់របស់មហាជន ទាក់ទងនឹងការងារផ្ទាល់ខ្លួន និងរឿងក្តីខាងលើយ៉ាងណានោះ វ៉ាន់ នីឡា នឹងមកបង្ហាញដល់ទស្សនិកជន តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅចុងសប្តាហ៍នេះ ដើម្បីឱ្យទស្សនិកជនជ្រាប់កាន់តែច្បាស់។ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» ធ្វើការ ផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០១៩ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី០៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕